32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

រដ្ឋបាលស្រុកបន្ទាយស្រី«ភូមិព្រះដាក់សាកល្បងមិនប្រើថង់ប្លាស្ទិក» រដ្ឋបាលស្រុកបន្ទាយស្រី

- Advertisement -spot_img

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងសហការនឹងអាជីវករអ្នកលក់ដូរនៅភូមិព្រះដាក់នឹងសាកល្បងបើកយុទ្ធនាការ «ព្រះដាក់មិនប្រើថង់ប្លាស្ទិក» សម្រាប់រយៈពេលពេញ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះតែម្តង។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ដោយសង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈនានាដោយភ្ញៀវទេសចរមកពីចម្ងាយ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលស្រុកសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមភ្ញៀវទេសចរ ដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាល នៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។

លោកបន្តទៀតថា អាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំង កង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ ចំពោះតូប ឬហាងណាដែលអនុវត្តបានល្អជាងគេ ហើយអាចផ្តល់ភាពជាគំរូដល់អ្នកដទៃបាន នឹងទទួលបានបណ្ណសសើរ និងរង្វាន់លើកទឹកចិត្តពីរដ្ឋបាលស្រុកនៅក្រោយពេលបញ្ចប់កម្មវិធី។

ដោយឡែកលោកជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យត្រៀមខ្លួនចូលរួមទទួលកម្មវិធីសៀមរាបសង្ក្រាន្ត របស់រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាព្រឹត្តិការណ៍ដង្ហែក្បួនទីមោងយក្សនៅក្នុងភូមិព្រះដាក់ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលសុទ្ធសឹងតែជាកម្មវិធីដែលអាចទាក់ទាញអ្នកទេសចរមកលេងដល់ភូមិព្រះដាក់បានច្រើន ហើយគួរតែប្រុងប្រៀបរៀបចំលក់ដូរជានំចំណី ម្ហូបអាហារ និងផលិតផលក្នុងភូមិផ្សេងៗទៀត ដែលជាឱកាសស្វែងរកប្រាក់ចំណូលបន្ថែម ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារផងដែរ។

ជាមួយនេះដែរ លោកក៏បាននាំយកផ្កាក្ងោកតូចជាង ២០០ដើម ដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ចែកជូនដល់អ្នកភូមិទុកដាំតាមមុខផ្ទះ និងបានសំណូមពរឱ្យពួកគាត់ជួយរៀបចំបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន និងភូមិដ្ឋានទាំងមូលឱ្យបានល្អស្អាត ជាពិសេសលើការគ្រប់គ្រងសំរាម ទាំងការសម្អាតត្រៀមមុនពេលចូលឆ្នាំ ការថែរក្សាភាពស្អាតក្នុងអំឡុងពេលចូលឆ្នាំ និងការបោសម្អាតក្រោយពេលចូលឆ្នាំកន្លងផុតទៅ ឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះជាភូមិបេតិកភណ្ឌ ភូមិទេសចរណ៍ ភូមិគំរូលើការងារបរិស្ថានផងដែរ៕
ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img