កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសទទួលស្គាល់ប្រជាការពារចំនួន៧ឃុំស្មើនឹង ១០៨៥នាក់ នៅក្នុងស្រុកថ្ពង នៅថ្ងៃទី0៣ ខែធ្នូ ឆ្នាំ២០២១។ ពិធីប្រកាស់ទទួលស្គាល់ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានលើកឡើងថា កម្លាំងប្រជាការពារជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗនោះទេ។ ប្រជាការពារ ជាចលករមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ចរាចរណ៍ ការកកស្ទះ និងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម។ ការចូលរួមគ្រប់សកម្មភាពរបស់ប្រជាការពារនេះដែរ បានបង្ហាញពីការខិតខំលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឱ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
លោក វ៉ី សំណាង បានបន្តថា ដោយមានការគាំទ្ររាជរដ្ឋាភិបាលតាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ប្រជាការពារក៏បានចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការជាមួយសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍចម្រើនលើគ្រប់វិស័យ។ ដូច្នេះប្រជាការពារថ្វីត្បិតតែមិនមែនជាសមត្ថកិច្ច តែប្រជាការពារអាចមានសិទ្ធិក្នុងការបង្ក្រាបបទល្មើសជាក់ស្តែង និងចូលរួមសហការគ្រប់សកម្មភាពបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចជំនាញផងដែរ។
បច្ចុប្បន្ន ប្រជាការពារបានបំពេញការងារស្នូលជាច្រើននៅក្នុងសង្គមដូចជាការយាមល្បាតនៅក្នុងមូលដ្ឋាន ការជួយសម្រួលចរាចរណ៍នៅក្នុងតំបន់ទីប្រជុំជន ការជួយទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងក្នុងមូលដ្ឋាន។ លោកបានរំពឹងថា វត្តមានប្រជាការពារទាំង៧ឃុំ ដែលស្មើរនឹង ១០៨៥នាក់នេះ នឹងធ្វើឱ្យឃុំរបស់ខ្លួនមានសុខសុវត្ថិភាព និងរក្សាបាននូវភូមិ-ឃុំមានសុវត្ថិភាព៕