មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង Su-35 ធ្លាក់ចូលអគារលំនៅដ្ឋានមួយក្នុងទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃចន្ទទី១៧ខែតុលា។
សេវាសង្គ្រោះបន្ទាន់និយាយថា មនុស្សចំនួន ២៥ នាក់ផ្សេងទៀតបានរងរបួសហើយត្រូវបញ្ជូនទៅ មន្ទីរពេទ្យ។ កុមារ៣នាក់ ដែលមានអាយុចន្លោះពី ៨ ដល់ ១០ ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នករបួសខណៈ មនុស្ស ៦ នាក់ផ្សេងទៀតនៅបាត់ខ្លួន។
អភិបាលរងនៃតំបន់ Krasnodar ឈ្មោះ Anna Minkova បានប្រាប់គេហទំព័រ Gazeta.ru ថា មានជនរងគ្រោះ៣នាក់បានស្លាប់ ដោយសារធ្លាក់ពីជាន់ខាងលើនៃអគារ។
មុននេះ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អាកាសយានិករបស់យន្តហោះ បានរំដោះខ្លួនចេញដោយសុវត្ថិភាព។ ការធ្លាក់នេះគឺបណ្តាលមកពីម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនមួយបានឆេះ ភ្លាមៗបន្ទាប់ពីហោះឡើង។
យោងតាមអភិបាលនៃតំបន់ Krasnodar, ឧបទ្ទវហេតុនេះបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញផ្ទះល្វែងយ៉ាងហោចណាស់ ១៧ ល្វែង។
គួរបញ្ជាក់ថា យន្តហោះ Su-35 គ្រោងនឹងធ្វើការហោះហើរហ្វឹកហ្វឺន ដែលនេះមានន័យថា យន្តហោះមិនត្រូវបានបំពាក់ដោយគ្រាប់រំសេវនោះទេ៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក