មានរយៈពេល៧ឆ្នាំហើយដែលយុវជនមានកម្ពស់ខ្ពស់ មុខសក្បុស ដូចតារា K-Pop វ៉ា មិថុនា បានដើរលើវិថីកីឡាតេក្វាន់ដូ WT។
តាមពិតទៅជារឿងដ៏ចៃដន្យមួយសម្រាប់កីឡាករវ័យក្មេងមានកំណើតនៅរាជធានីភ្នំពេញ ឈានជើងចូលកីឡាវាយតប់មួយនេះ។
ម្ចាស់មេដាយមាសស៊ីហ្គេមនៅវៀតណាមខាងលើរំឭកថា មុនចូលហាត់តេក្វាន់ដូ WT នេះ គេមិនដែលហាត់កីឡាអ្វីជាផ្លូវការ ឬប៉ងក្លាយជាអ្នកកីឡាទេ។ តែចៃដន្យអីថ្ងៃមួយហ្នឹង គេបានជិះម៉ូតូជាមួយបងប្រុស ក៏ស្រាប់តែវ៉ាក់អឺនឹងរថយន្ដមួយគ្រឿង ហើយក៏ចាប់ហ្វ្រាំងង៉ក់តែម្ដង។ រំពេចនោះ ក៏មានពូម៉ូតូម្នាក់ដែលជិះក្រោយម៉ូតូរបស់ខ្លួន ចាប់ហ្វ្រាំងមិនទាន់ ក៏បុកគូទម៉ូតូរបស់គេ។ ពូម៉ូតូនោះខឹងអារឿងជិះម៉ូតូឈប់ង៉ក់ភ្លាមហ្នឹងពេក ក៏វាយគេមួយដៃ។
ដោយសារតែហេតុការណ៍នេះហើយបានជាបងប្រុសរបស់មិថុនា សម្រេចចិត្តឲ្យគេទៅហ្វឹកហាត់តេក្វាន់ដូ ទុកការពារខ្លួននាពេលក្រោយ។
មុនឈានដល់ចំណុចជោគជ័យមួយកម្រិតថែមទៀតនេះ កីឡាករមានកម្ពស់១ម៉ែត្រ៨៧បានឆ្លងកាត់ការលំបាក និងការតស៊ូយ៉ាងច្រើន។ វ៉ា មិថុនា អះអាងថា ក្ដីស្រមៃមួយទៀតរបស់គេក្រៅពីការឈ្នះមេដាយមាសនៅវៀតណាមនោះ គឺចង់ឈ្នះមេដាយមាសស៊ីហ្គេម លើទឹកដីមាតុភូមិកំណើតរបស់ខ្លួនតែម្ដង ក្នុងឆ្នាំ២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាកូនប្រុសពៅក្នុងចំណោមបងប្អូន៣នាក់ មិថុនា បច្ចុប្បន្នក៏ជាមន្ត្រីនគរបាលជាតិមួយរូបដែរ។
គួរដឹងដែរថា វ៉ា មិថុនា ដណ្ដើមបានមេដាយមាសក្រោយពីបានយកឈ្នះកីឡាករហ្វីលីពីន ៣៥-១៤ នៅវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
ដោយគីរីដងរែក