នៅព្រឹកថ្ងៃពុធទី១៦ខែវិច្ឆិកានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានកោះប្រជុំបន្ទាន់ នៃក្រុមមេដឹកនាំប្រទេស G7 និងអង្គការណាតូ នៅប្រទេសឥណ្ឌូណេស៊ី សម្រាប់ការពិគ្រោះយោបល់ បន្ទាប់ពីប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តណាតូ និយាយថា មីស៊ីលផលិតដោយរុស្ស៊ីមួយគ្រាប់ បានសម្លាប់មនុស្សពីរនាក់ នៅភាគខាងកើតប្រទេសរបស់ខ្លួន ជិតព្រំដែនអ៊ុយក្រែន។
លោក Biden បានទូរស័ព្ទទៅប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ដើម្បីសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់អាយុជីវិតជនស៊ីវិល។ នៅលើ Twitter លោក Biden បានសន្យាពីការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះការស៊ើបអង្កេតរបស់ប៉ូឡូញ ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ។
កិច្ចប្រជុំតុមូលដ៏ធំមួយក្នុងសាលនៃសណ្ឋាគារដែលលោកស្នាក់នៅ ប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលមេដឹកនាំនៃក្រុមប្រទេស G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប រួមជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងនាយករដ្ឋមន្ត្រីនៃសម្ព័ន្ធមិត្តណាតូដូចជា អេស្ប៉ាញ និងហូឡង់។
ពេលអ្នកសារព័ត៌មាន សួរថាតើលោកនឹងផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពនៅក្នុងប្រទេសប៉ូឡូញដែរឬទេ លោក Biden បានឆ្លើយថា “ទេ”។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ូឡូញ បានកំណត់អត្តសញ្ញាណថា មីស៊ីលដែលធ្លាក់លើទឹកដីរបស់ខ្លួនគឺត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែប្រធានាធិបតីប៉ូឡូញ លោក Duda មិនទាន់ហ៊ានបញ្ជាក់ច្បាស់ទេថាតើ អ្នកណាជាអ្នកបាញ់ឲ្យប្រាកដ៕


ប្រភព NBC News ប្រែសម្រួលដោយគីរីដងរែក




