24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

មនុស្ស៦នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋ Mississippi សហរដ្ឋអាមេរិក

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅទីតាំងសរុបចំនួន៣កន្លែង ក្នុងក្រុងតូចមួយនៃរដ្ឋមីស៉ីស៉ីពី (Mississippi) របស់សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតអតីតប្រពន្ធរបស់ខ្លួន ព្រមទាំងមនុស្ស៥នាក់ផ្សេងទៀត មុនពេលត្រូវប៉ូលិសចាប់ខ្លួន។

ហេតុការណ៍ខាងលើបានកើតឡើង នៅក្រុងតូចមួយឈ្មោះ អាកាប៊ូតឡា (Arkabutla) ដែលមានមនុស្សរស់នៅតិចជាង៣០០នាក់ ស្ថិតក្នុងតំបន់ថេត (Tate) ភាគខាងជើងរដ្ឋ Mississippi។ ប៉ូលិសប្រចាំតំបន់បាននិយាយថា ខ្មាន់កាំភ្លើងមានឈ្មោះ រីឆាដ ដេល ក្រាំ (Richard Dale Crum) អាយុ៥១ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១។ ក្រុមអ្នកស៉ើបអង្កេតមិនទាន់អាចកំណត់ អំពីចេតនានៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែពួកគេនឹងចាប់ផ្តើម ពិនិត្យទៅលើទំនាក់ទំនង របស់ជនសង្ស័យជាមួយនឹងអតីតប្រពន្ធរបស់ខ្លួន។

គួរបញ្ជាក់ថា ប៉ូលិសទទួលបានសេចក្តីរាយការណ៍ដំបូង អំពីការបាញ់ប្រហារកើតឡើងក្នុងម៉ាតនៃកន្លែងចាក់សាំងមួយកន្លែង ហើយមុនពេលពួកគេអាចទៅដល់ទីនោះ ក៏ទទួលបានសេចក្តីរាយការណ៍មួយទៀត អំពីករណីបាញ់ប្រហារទីពីរ នៅផ្ទះមួយក្បែរកន្លែងកើតហេតុដំបូង។ បុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងម៉ាត ខណៈស្រ្តីម្នាក់ដែលជាអតីតប្រពន្ធរបស់ជនសង្ស័យ ត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះ។ ក្រុមមន្រ្តីប៉ូលិសបានតាមរកជនសង្ស័យ ទៅដល់ផ្លូវមុខផ្ទះមួយផ្សេងទៀត ហើយចាប់ខ្លួនជននោះដោយពុំមានការរើបម្រះប្រឆាំងអ្វីឡើយ។ ក្នុងបរិវេណផ្ទះនោះ អាជ្ញាធរក៏បានរកឃើញសាកសពមនុស្ស៤នាក់ផងដែរ ដោយ២នាក់អាចមាន ជាប់ទំនាក់ទំនងគ្រួសារជាមួយជនសង្ស័យ និង២នាក់ទៀតអាចជាបុគ្គលិក ដែលត្រូវមកបំពេញសេវាកម្មនៅទីនោះ៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img