ប្រជាជនអាហ្រ្វិកខាងត្បូងរាប់ពាន់នាក់កាលពីថ្ងៃពុធបានដើរដង្ហែតាមដងផ្លូវដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការកើនឡើងនៃការ ចំណាយលើជីវភាពប្រចាំថ្ងៃឬតម្លៃនៃការរស់នៅ និងភាពការអត់ការងារធ្វើនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មបំផុតរបស់ ទ្វីបមួយនេះ ។
ការតវ៉ានេះដឹកនាំ ដោយសហជីពធំៗ ចំនួន ២ ដែលអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយការកើនឡើងនៃតម្លៃ ប្រេងឥន្ធនៈការផ្ដាច់ ចរន្ត អគ្គិសនីមិនឈប់ការកាត់ផ្តាច់ការងារនិងភាពការអត់ការងារធ្វើក្នុងចំណោមបញ្ហាផ្សេងៗ ទៀត ។
សហព័ន្ធសហជីពអាហ្រ្វិកខាងត្បូង (SAFTU) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖ « ការសម្រេចចិត្តធ្វើកូដកម្មទូទៅ និងការបិទប្រទេសធ្វើឡើងជាលទ្ធផលនៃស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែអាក្រក់សម្រាប់វណ្ណៈកម្មករ និងសហគមន៍ក្រីក្រ ដែលខ្វះខាត »។ សហជីបនិយាយថាតម្លៃ នៃការរស់នៅ និងភាពអត់ការងារធ្វើបានកើនឡើង ។
សមាជ នៃសហជីពអាហ្រ្វិកខាងត្បូង (COSATU) ដែលជាសហជីពដ៏ធំបំផុត ដែលជាផ្នែកមួយនៃកូដកម្ម សេដ្ឋកិច្ចសង្គមកំពុងទាម ទារឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាចាត់វិធានការប្រឆាំង នឹងការដួលរលំនៃសេដ្ឋកិច្ចនៅក្នុងប្រទេស ។
ការដង្ហែក្បួនតវ៉ាត្រូវបានរៀបចំឡើងនៅក្នុងខេត្តចំនួន៩ របស់អាហ្រ្វិកខាងត្បូង ។ ក្រុមអ្នកតវ៉ាខ្លះបានលើកបដាដែលមានសរសេរ ថា ៖ «ឈប់យកប្រាក់ចំណេញដាក់មុខធំជាងប្រជាជន»។
លោក Mametlwe Sebei ប្រធានសហភាពកម្មករ ឧស្សាហកម្មទូទៅនៃអាហ្វ្រិក ខាងត្បូង និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ក្នុង ស្រុកមួយកាលពីថ្ងៃពុធថា ៖ «សេដ្ឋកិច្ចមិនដំណើរការក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាកម្មករភាគច្រើនលើសលប់នោះទេ។ វិសមភាពកំពុងរីងឡើងហើយភាពក្រីក្រក៏កាន់តែខ្លាំង »។
លោកSebei និយាយការតវ៉ាចង់ទាមទារឱ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន៧៣៥ ដុល្លារក្នុងមួយខែដើម្បីឱ្យកម្មករ មានលទ្ធភាពរស់នៅសមរម្យ ។ លោកបន្តថា ៧៥ % នៃកម្មករអាហ្រ្វិកខាងត្បូងរកចំណូលក្រោម ៣៤១ ដុល្លារ ហើយកម្មករភាគច្រើន មិនអាចមានលទ្ធភាពទិញអាហារមូលដ្ឋាន និងចំណាយលើការដឹកជញ្ជូនដោយសារតែប្រាក់ឈ្នួលទាបធ្វើឱ្យមនុស្សជាច្រើនអត់ឃ្លាន ។
ស្ថិតិរបស់ប្រទេសបង្ហាញថាប្រជាជនអាហ្វ្រិកខាងត្បូងប្រហែល ៧,៨ លាននាក់គ្មានការងារធ្វើ។ទន្ទឹម នឹងភាពគ្មានការងារធ្វើការ ឡើង ថ្លៃនៃទំនិញ និងថាមពលក៏ធ្វើឱ្យការចំណាយរបស់ប្រជាជនឡើងខ្ពស់ដោយអតិផរណារបស់អាហ្រ្វិកខាងត្បូងបានកើនឡើងដល់៧,៨ % ក្នុងខែកក្កដាដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩ ។
លោក Azar Jammine ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សា Econometrix និយាយថាមូលហេតុចម្បងជាក់ស្តែងនៃកំណើន អតិផរណា នេះ «គឺការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ នៅដើមខែកក្កដា និងការកើនឡើងតម្លៃម្ហូបអាហារជាបន្តបន្ទាប់ ដែលជា លទ្ធផលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបញ្ឈប់ការនាំចេញស្បៀងអាហារចាប់ពីចុងខែកក្កដារហូតដល់ថ្មីៗនេះ ដែលជំរុញ ឱ្យតម្លៃទំនិញជាសកលកើនឡើង »។
ក្រុមអ្នកតវ៉ាកាលពីថ្ងៃពុធ ស្រែកថា ៖ « ត្រូវនិយាយថាទេ ចំពោះអតិផរណាខ្ពស់» និង « បញ្ឈប់ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃ ប្រេង ឥន្ធនៈ » ។ ក្នុងក្រុងPretoria អ្នកដែលកាន់បដាដែលនិយាយថា « បញ្ឈប់ការយកពន្ធលើមុខទំនិញម្ហូបអាហារជាមូលដ្ឋាន » បាន ច្រៀងនៅពេលពួកគេដើរកាត់កណ្តាលទីក្រុងឆ្ពោះ ទៅកាន់ Union Buildings ដែលមានការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។
កាលពីខែមុនធនាគារកណ្តាលរបស់ប្រទេសបានផ្តល់នូវការដំឡើងអត្រាការប្រាក់ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈ ពេល២០ ឆ្នាំដើម្បី ព្យាយាមទប់ស្កាត់អតិផរណា ។ ប៉ុន្តែក្រុមសហជីពធំៗ ដែលដឹកនាំការតវ៉ាទាំង២កាលពីថ្ងៃពុធបានជំរុញ ឱ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងកាត់បន្ថយអត្រាការប្រាក់ជាដើម ។
កូដកម្មទូទាំងប្រទេសនេះរៀបចំឡើងនៅពេលដែលអាហ្រ្វិកខាងត្បូងប្រឈមមុខ នឹងផលប៉ះពាល់សេដ្ឋកិច្ច នៃបញ្ហាពិភពលោក សំខាន់ៗ ដូចជាវិបត្តិកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន ។ ខណៈក្រុមអ្នកតវ៉ាធ្វើកូដកម្មបិទប្រទេសរដ្ឋាភិបាលមិនបានចេញប្រតិតកម្មយ៉ាងណាទេ ប៉ុន្តែព្រមានមន្ត្រីរាជការណាដែលចូលរួមសកម្មភាពនេះ នឹងត្រូវប្រឈមមុខនឹងការ អនុវត្តច្បាប់ «អត់ធ្វើការកាត់ ប្រាក់ខែ »។
កាលពីខែ កក្កដា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Thabo Mbeki ដែលដឹកនាំប្រទេសចន្លោះពីឆ្នាំ១៩៩៧ ទៅ ២០០៧ បាន រិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលលោក Ramaphosaចំពោះការបរាជ័យក្នុងការដោះ ស្រាយភាពក្រីក្រភាពអត់ការងារធ្វើ និងវិសមភាព ។
លោកMbeki និយាយថារដ្ឋាភិបាលហាក់ដូចជាមិនមានផែនការដោះស្រាយបញ្ហាទាំងនេះដោយព្រមានថាការកើនឡើងនៃភាពក្រីក្រ និងភាពលំបាកអភិបាលកិច្ចមិនល្អ និងភាពគ្មានច្បាប់ដែលកើនឡើងអាចធ្វើឱ្យអាហ្រ្វិកខាងត្បូងធ្លាក់ទៅក្នុងវិបត្តិដូច « បដិវត្ត និទាឃរដូវអារ៉ាប់ » ។





ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក




