នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២និង២៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី ៦នាក់ រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ត្រីដែលស្លាប់បាត់បង់ជីវិត ឈ្មោះ កាំង លីឃីម អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ស្រាល០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហាយឡិនដឺ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AI-5815 បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ(ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម(ស្លា.ប់) បានធ្វើដំណើរមកពីសែនឆេងម៉េង នៅខេត្តបាត់ដំបង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោង បានជ្រុលទៅបុក ស្លាកសញ្ញាបង្គោល ចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរ៉េចង្កូតមកស្តាំដៃ ក្រឡាប់តែម្តង ហើយគៀបស្ត្រីជាប្រពន្ធជាប់ នឹងរថយន្តស្លាប់ ចំណែកអ្នករួមដំណើរប្រុស ស្រី០៦នាក់ទៀត រងរបួសធ្ងន់០៤នាក់ និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោង សង្ស័យងងុយដេក និងស្រវឹង៕
ដោយ៖ គីរីដងរែក ច្បាស់ដូចថ្ងៃ