ប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) បានសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏សំខាន់រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបើកការនាំចេញគ្រាប់ធញ្ញជាតិ, តម្លៃស្រូវសាលីបានធ្លាក់ចុះដល់កម្រិតទាបបំផុត មុនពេលដែលកងកម្លាំងទីក្រុងមូស្គូបានលុកលុយប្រទេសអ៊ុយក្រែន ។
នៅទីក្រុង Chicago តម្លៃស្រូវសាលីសម្រាប់លក់ក្នុងខែកញ្ញាបានធ្លាក់ចុះ ៥.៩ ភាគរយមកនៅត្រឹម ៧.៥៩ ដុល្លារក្នុងមួយកញ្ឆេ ដែលស្មើនឹងប្រហែល ២៧ គីឡូក្រាម និងជាតម្លៃទាបបំផុត ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
ចំណែកនៅក្រុមហ៊ុន Euronext របស់អឺរ៉ុប តម្លៃស្រូវសាលីសម្រាប់ការចែកចាយលក់ក្នុងខែកញ្ញាបានធ្លាក់ចុះ ៦.៤ ភាគរយមកត្រឹម ៣២៥.៧៥ ដុល្លារក្នុងមួយតោន ។
កិច្ចព្រមព្រៀងកាលពីថ្ងៃសុក្ររវាងទីក្រុងកៀវ និងទីក្រុងមូស្គូតាមរយៈការសម្របសម្រួលពីអង្គការសហប្រជាជាតិ (UN) និងប្រទេសតួកគី បានសម្រេចបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់នាវាអ៊ុយក្រែនចូល និងចេញពីកំពង់ផែសមុទ្រខ្មៅដែលបានកំណត់ទាំងនៅក្នុង និងជុំវិញទីក្រុងកំពង់ផែ Odessa ។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនរួមគ្នាផលិតបានប្រហែល ៣០ ភាគរយនៃការនាំចេញស្រូវសាលីរបស់ពិភពលោក ប៉ុន្តែនៅមុនការសម្រេចកិច្ចព្រមព្រៀង ស្រូវ សាលី និង គ្រាប់ ធញ្ញជាតិ រហូត ដល់ ទៅ ២៥ លាន តោន ត្រូវ បាន រារាំង នៅ កំពង់ផែ អ៊ុយក្រែន ដោយសារតែ នាវា ចម្បាំង រុស្ស៊ី ក៏ដូចជាការបង្កប់ គ្រាប់ មីនរបស់រដ្ឋាភិបាល ក្រុងកៀវ ដើម្បី បញ្ចៀស ការ វាយ ប្រហារណាមួយពីសំណាក់កងកម្លាំងប្រទេសរុស្ស៊ី ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




