ឡុងដ៍៖ ព្រះអង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles ទី៣ ក្រោយព្រះមហាក្សត្រី Elizabeth ទី២ បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។
ព្រះអង្គម្ចាស់ Charles ទី៣ ដែលជាបុត្រាច្បងរបស់ព្រះមហាក្សត្រី Elizabeth ទី២ បានមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់ គឺជាទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និងរាជវង្ស ហើយថា នេះគឺការបាត់បង់មិនអាចកាត់ថ្លៃបាន នៅជុំវិញពិភពលោក។
ទង់សហភាពនឹងត្រូវបង្ហូតត្រឹមពាក់កណ្តាលដងនៅលើព្រះរាជដំណាក់ អគាររដ្ឋាភិបាល និងទូទាំងបន្ទាយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនៅលើប៉ុស្តិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។ ជាមួយគ្នានេះ នឹងមានការគោះជួងព្រះវិហារ និងការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និងថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំវិធីគោរពវិញ្ញាណក្ខន្ធ។
ផ្កា និងទៀនរាប់រយរាប់ពាន់ត្រូវបានប្រជាជនយកទៅដាក់នៅមាត់ច្រកចូល នៃវិមាន Buckingham នៅកណ្តាលទីក្រុងឡុងដ៍ នៅពេលផ្ទាំងប៉ាណូបញ្ចេញពន្លឺភ្លើងបង្ហាញការគោរពដឹងគុណនៅទូទាំងរដ្ឋធានី ជាមួយនឹងព្រះឆាយាល័ក្ខណ៍របស់ទ្រង់។
សូមជម្រាបថា ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រី Elizabeth ទី២ នឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕

ប្រែសម្រួលដោយគីរីដងរែក




