ជនសង្ស័យជាព្រះសង្ឃត្រូវបានឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវចាប់ខ្លួនព្រះសង្ឃ បន្ទាប់ពីយកកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងបណ្តាលអោយរបួសធ្ងន់ដេកលើថ្លុកឈាម។
សមត្ថកិច្ចបានអោយដឹងថា យុវតីរងគ្រោះមានឈ្មោះ សេង សេតម្ពរ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយជីដូន ក្នុងវត្តថាន់។ ជនសង្ស័យមានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ជាព្រះសង្ឃស្នាក់នៅបន្ទប់លេខ២២ កុដិលេខ០៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា ខ្លួន និងនារីរងគ្រោះបានទាក់ទងគ្នារយៈពេល២ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ ខ្លួនបានតាមទាន់នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ក៏ធ្វើអោយខ្លួនមានចិត្តប្រចណ្ឌមានកំហឹងគុំគួន រហូតឈានដល់ការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះ ប៉ុនប៉ងសម្លាប់ចោល តែកំឡុងពេលនោះ មានប្រជាពលរដ្ឋឃើញ ក៏រត់គេចតែម្តង។
គួររំលឹកផងដែរថា ៖ ជនសង្ស័យជាព្រះសង្ឃ ដៃកាន់កាំបិតបុ័ងតោ កាប់ប្រហារ ជាច្រើនកាំបិត បណ្តាលអោយនារីរងគ្រោះ ដេកលើថ្លុកឈាម ត្រូវចំក្បាលផ្នែកខាងក្រោយ ត្រូវបាតដៃ និងចង្ការផងដែរ។ ភ្លាមៗគាត់បានទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ និងបន្តរាយការណ៍ជូនសមត្ថកិច្ចចុះទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយគិរីដងរែក