អាជ្ញាធរឧតុនិយមនៃប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ព្យុះត្រូពិចឈ្មោះ Saola បានកើនឡើងថាមពលក្លាយជា ព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងក្លា មកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។
គិតត្រឹមវេលាទាបភ្លឺថ្ងៃអាទិត្យនេះ ព្យុះ Saola ដែលមានកម្លាំងខ្យល់បក់ចន្លោះ១៨៥-២៣០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងតែស្ថិតនៅលើ ផ្ទៃសមុទ្រក្បែឆ្នេរខេត្ត Isabela របស់ប្រទេសហ្វីលីពីន។ អាជ្ញាធរឧតុនិយមហ្វីលីពីន បានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យនេះ និងនៅថ្ងៃចន្ទស្អែក ក្នុងខេត្ត Isabela, Cagayan, Ilocos ព្រមទាំងតំបន់ភ្នំ Cordillera ជាហេតុបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងបំណាក់ដី។
ខេត្តទាំង៣ ស្ថិតក្នុងចំណោមខេត្តដែលផលិតស្រូវ ពោត និងបន្លែធំជាងគេរបស់ហ្វីលីពីន។ ព្យុះ Saola ត្រូវគេរំពឹងថានឹងជះឥទ្ធិពល លើបណ្តាខេត្តនានានៅលើកោះធំ Luzon របស់ហ្វីលីពីន រួមជាមួយរដ្ឋធានីម៉ានីល សម្រាប់រយៈពេល៣ថ្ងៃខាងមុខ។ កាលពីខែកក្កដា ខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំង ក៏បានវាយលុកតំបន់ភាគខាងជើងហ្វីលីពីនដែរ ដោយសារតែព្យុះទីហ្វុង Doksuri ដ៏មានឥទ្ធិពល ដោយវាបានបណ្តាលឱ្យទឹកទន្លេជន់លិច ហើយបង្កឱ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់។
បន្ទាប់មក ព្យុះ Doksuri ក៏បានបន្តវាយប្រហារលើប្រទេសចិន ជាទីដែលវាបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ យោងតាមការព្យាកររបស់ហ្វីលីពីន ព្យុះ Saola នឹងងាកឆ្ពោះទៅទិសខាងជើងនាថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយនឹងបោកបក់ទៅដល់ ភាគខាងត្បូងកោះតៃវ៉ាន់ អំលុងថ្ងៃពុធឬក៏ថ្ងៃព្រហស្បតិ៍៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក