រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលជាគូប្រជែងកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស និងសម្រាប់តំណែងជាមេដឹកនាំគណបក្សអភិរក្ស បាននិយាយកាលពីថ្ងៃអង្គារទី២៣ខែសីហាថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់នុយក្លេអ៊ែរ ប្រសិនបើចាំបាច់។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នៅពេលសួរថាតើលោកស្រីគិតយ៉ាងណាចំពោះការចុច ប៊ូតុងនុយក្លេអ៊ែរ និងបង្កការបំផ្លិចបំផ្លាញជាសកល ប្រសិនបើចាំបាច់, លោកស្រី Truss បានប្រាប់កិច្ចប្រជុំសមាជិកបក្សអភិរក្សក្នុងទីក្រុង Birmingham ថា “ខ្ញុំគិតថា វាជាកាតព្វកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រី ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដូច្នេះ”។
គួរបញ្ជាក់ថា លោកស្រី Truss និងអតីតអធិការបតីចក្រភពអង់គ្លេស Rishi Sunak គឺជាបេក្ខជន២រូបចុងក្រោយ ក្នុងការបោះឆ្នោតដណ្តើមតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Boris Johnson ប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ៧ ខែកក្កដា។
ការ បោះឆ្នោតជុំចុងក្រោយកំពុងប្រព្រឹត្តទៅរហូតដល់ដើមខែកញ្ញា។ ក្នុងអំឡុងពេលជុំចុងក្រោយនេះ សមាជិកទាំងអស់នៃគណបក្ស (ប្រហែល២០០ ០០០នាក់) នឹងត្រូវជ្រើសរើសបេក្ខជនម្នាក់ឲ្យកាន់តំណែង។
ការបោះឆ្នោតនឹងធ្វើឡើងតាមប្រៃសណីយ៍ ហើយអ្នកស្នងតំណែងលោក Johnson នឹងត្រូវប្រកាសនៅថ្ងៃទី ៥ខែកញ្ញា៕


ប្រភព Sky News ប្រែសម្រួលដោយគីរីដងរែក




