លោក វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានវាយប្រហាររុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ ប្រទេសនោះនឹងត្រូវបាត់មុខផែនដី។
ប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា ប្រទេសរបស់លោកមិនមានភាពចាំបាច់ ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរមុននោះទេ មិនដូចសហរដ្ឋអាមេរិកឡើយ ប៉ុន្តែអាវុធដែលមានល្បឿនលឿនជាងសំឡេងនឹងធានាថា វាអាចឆ្លើយតបដោយកម្លាំងប្រសិនបើខ្លួនរងការវាយប្រហារ។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីកិច្ច ប្រជុំរបស់ថ្នាក់ដឹកនាំតំបន់នៅក្នុងរដ្ឋធានី ប៊ីស្កេករបស់កៀហ្ស៊ីស៊ីស្ថាន។
លោក ពូទីន ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា កិច្ចព្រមព្រៀងមួយ នឹងត្រូវធ្វើឡើងជាលើកចុងក្រោយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកអះអាងថា វិមានក្រឹមឡាំងបានបើកចំហដើម្បីឈានដល់កិច្ចព្រមព្រៀងមួយប៉ុន្តែបានប្រកាសថាភាពទុកចិត្ត ជាមួយមហាអំណាចលោកខាងលិច និងអ៊ុយក្រែនគឺ “ស្ទើរតែសូន្យទៅហើយ”។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលមានដូចជារុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអាមេនី, លោកពូទីនបាននិយាយថា រុស្ស៊ីចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានក្បត់ដោយការបំពានព្រមព្រៀងទីក្រុង មីនស្កិ៍៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




