រុស្ស៊ី៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅទី២៥ ខែតុលា បានអំពាវនាវឱ្យមានការសម្រេចចិត្តកាន់តែងាយស្រួល ក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយថ្លែងទៅកាន់ក្រុមប្រឹក្សាសម្របសម្រួលថ្មី ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើនការគាំទ្រសម្រាប់យុទ្ធនាការប្រយុទ្ធនៅអ៊ុយក្រែន។
លោក ពូទីន បានបង្កើតក្រុមប្រឹក្សាថ្មីមួយកាលពីសប្តាហ៍មុន ខណៈដែលលោកបានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ដែលទាំងបួនដែលទើបដណ្ដើមបានពីអ៊ុយក្រែន ដែលកំពុងប្រឈមខ្លាំង នឹងការច្បាំងតទល់ដណ្ដើមមកវិញពីកងទ័ពអ៊ុយក្រែន ។
ការអត្ថាធិប្បាយរបស់ពូទីន និងសមាជិកក្រុមប្រឹក្សាមួយចំនួន គឺជាការទទួលស្គាល់យ៉ាងច្បាស់ថា រុស្ស៊ីមិនទាន់បានត្រៀមខ្លួនពេញលេញសម្រាប់ការតស៊ូដែលខ្លួនបានជួបក្នុងប្រទេសអ៊ុយក្រែនឡើយ ។ ពីដំបូងពូទីនគិតថានឹងអាចវាយប្ដូរអ្នកកាន់អំណាចនៅអ៊ុយក្រែនបានដោយលើកបន្ទុបមនុស្សស្និតនឹងខ្លួន ប៉ុន្តែក្ដីរំពឹងនេះខុសទាំងស្រុងនៅពេលដែលអ៊ុយក្រែនប្រឆាំងយ៉ាងស្វិតស្វាញដោយមានជំនួយសន្ធឹកសន្ធាប់ពីលោកខាងលិច។
លោក ពូទីន បាននិយាយថា ការបង្កើនការសម្របសម្រួលនៃស្ថាប័នរដ្ឋាភិបាល និងតំបន់គឺចាំបាច់ដើម្បីគ្រប់គ្រងការងាររបស់រដ្ឋាភិបាល ក្នុងការផលិតយុទ្ធោបករណ៍បន្ថែមទៀតសម្រាប់កងកម្លាំងរបស់ខ្លួន និងផ្តល់ឱ្យពួកគេនូវជំនួយផ្នែកវេជ្ជសាស្រ្ត និងភ័ស្តុភារកាន់តែប្រសើរឡើង ទោះបីជាលោកមិនបានពន្យល់លម្អិតអំពីរបៀបដែលវានឹងដំណើរការក៏ដោយ។
លោក ពូទីន បានប្រាប់ក្រុមប្រឹក្សា ដែលបង្កើតឡើងដោយសមាជិករដ្ឋាភិបាល និងមេដឹកនាំក្នុងតំបន់ ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ៖«ខ្ញុំបានពិភាក្សាជាច្រើនដងជាមួយអ្នកជំនាញជាច្រើន អំពីបញ្ហាទាក់ទងនឹងតម្រូវការដើម្បីធ្វើបច្ចុប្បន្នភាពការងារទាំងអស់ដើម្បីកែលម្អនីតិវិធីសម្រាប់កិច្ចការនេះ» ។លោកពូទីន៖«កំណែទម្រង់រដ្ឋបាលគឺមិនអាចទៅរួចទេបើគ្មានការសម្របសម្រួលទូលំទូលាយរវាងនាយកដ្ឋានទាំងអស់ដែលរួមមាន ប្លុកសេដ្ឋកិច្ច ប្លុកសន្តិសុខ តំបន់»។
មុនពេលលោក ពូទីន បានចាប់ផ្តើម ចល័តទ័ព កាលពីខែមុនសម្រាប់យុទ្ធនាការអ៊ុយក្រែន ទាហានបានត្អូញត្អែរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។ ជាឧទាហរណ៍ មនុស្សជាច្រើនត្រូវទិញគ្រឿងសឹកផ្ទាល់ខ្លួន។
ប្រធានក្រុមប្រឹក្សាថ្មីលោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រាប់លោក Putin ថា៖ «យើងត្រូវពង្រឹងការងារដើម្បីបង្កើនការផលិតឧបករណ៍ការពារផ្ទាល់ខ្លួន។វាចាំបាច់ក្នុងការបញ្ចូលសមត្ថភាពទាំងអស់នៃឧស្សាហកម្មធុនស្រាល រួមទាំងសហគ្រាសខ្នាតតូចផងដែរ សម្រាប់ការផលិតឧបករណ៍យោធា… យើងត្រូវធ្វើឱ្យប្រាកដថា អ្នកចម្បាំងរបស់យើងមិនខ្វះឧបករណ៍»៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក