នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។ ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលប្រមុខដឹកនាំកម្ពុជាចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះរថយន្តធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ដែលកន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។ ប្រមុខដឹកនាំកម្ពុជាបានបន្តថា ក្នុងពេលជួបជជែកជាមួយប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកាលពីពេលថ្មីៗនេះ ពលរដ្ឋបានលើកពីការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ដែលពីមុនអត់ទាន់មានផ្លូវ ពលរដ្ឋចង់ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ត្រូវសុំផ្លូវចូលតាមទឹកដីប្រទេសវៀតណាម។ ប៉ុន្តែក្រោយមានផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចធ្វើដំណើរពីភូមិមួយទៅភូមិមួយដោយមិនបាច់សុំផ្លូវចូលតាមប្រទេសវៀតណាមទៀតទេ។
សម្តេចបន្តថា ពលលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈដែលសម្តេចក៏បានចារឱ្យកងវិស្វកម្មខិតខំពុះពារបន្តស្ថាបនាផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់មុំ ៣ កន្ទុយនាគ។ ក្នុងឱកាសនោះដែរ មេដឹកនាំកម្ពុជាក៏បង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនតាមបណ្តាខេត្តភាគឦសាន ដែលក្នុងនោះខេត្តក្រចេះស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ៧៨ គីឡូម៉ែត្រ ដែលបញ្ចប់ទាំងស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើប្រវែង ២២០ គីឡូម៉ែត្រ និងកំពុងបន្តជំរុញសាងសង់ឲ្យដល់តំបន់កន្ទុយនាគ។ ទាក់ទងកិច្ចការពារបូរណភាពទឹកដី សម្តេចធិបតីបានបានគូសបញ្ជាក់ថា ត្រូវតែបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «បង្គោលព្រំដែនពីមុនក្នុងខេត្តភាគឦសានមិនមានទេ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។ នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាប់ជាមួយប្រទេសវៀតណាម ខេត្តក្រចេះពីឆ្នាំ២០០៦ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ១៤៤ បង្គោល។
ដោយគិរីដងរែក