ភ្នំពេញ៖ ករណីបាញ់ប្រហារនេះ យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាករណីចាប់ជំរឹតជនជាតិចិន។ក្នុងនោះបណ្ដាល ឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ ខណៈចិនម្នាក់ទៀតរបួស និង ជនជាតិចិនម្នាក់ទៀត ត្រូវបានក្រុមខ្មាន់កាំភ្លើង ចាប់ដាក់ចូលឡាន បើកគេចខ្លួនបាត់មិនទាន់ស្រាវជ្រាវរកឃើញនៅឡើយ។
សេចក្ដីរាយការណ៍ថា នៅមុនកើតហេតុ គេឃើញរថយន្ដ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 រថយន្ដខ្មាន់កាំភ្លើង បានបើកស្ទាក់ និងបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168 ។បន្ទាប់មកភ្លាមនោះមានរថយន្ដម៉ាក Land Cruiser ឈប់ស្ទាក់ពីក្រោយរថយន្ដជនរងគ្រោះ។បន្ទាប់ពីបើកបំបុក និងស្ទាក់រថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford ហើយបើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះ ដោយប្រើប្រាស់កាំភ្លើងវែង សមត្ថកិច្ចសង្ស័យ កាំភ្លើងAK។
ភ្លាមនោះ បក្ខពួកខ្មាន់កាំភ្លើង២នាក់ ចុះទៅចាប់ជនជាតិចិនម្នាក់ ដែលជិះនៅផ្នែកខាងក្រោយរថយន្ដ MERCEDES BENZ ដាក់ចូលក្នុងរថយន្ដ Land Cruiser រួចបើកគេចខ្លួនបាត់តែម្ដង។
បើតាមសេចក្ដីរាយការណ៍ នៅក្នុងរថយន្ដរបស់ជនរងគ្រោះ មានមនុស្សជិៈចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ ។បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ខណៈអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ និងម្នាក់ទៀតជនជាតិចិនជិះផ្នែកខាងក្រោយ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់យកទៅបាត់។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ ស័ក្ដិ៤កន្លះ និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។
ខណៈជនរងគ្រោះជនជាតិចិន២នាក់ទៀត មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំពោះក្រុមខ្មាន់កាំភ្លើង ក៏មិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់នោះដែរ។
ហេតុការណ៍បាញ់ប្រហារនេះ សមត្ថកិច្ចជំនាញ មិនទាន់សន្និដ្ឋានថា ជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្ដែត្រូវគេដាក់ការសង្ស័យថា ជាអំពើចាប់ជំរិត៕
ដោយគិរីដងរែក