ចិន៖ ប្រាក់យន់របស់ប្រទេសចិនបានបន្តការធ្លាក់ចុះកាលពីថ្ងៃទី២៥ខែតុលា។ ការធ្លាក់នេះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ បន្ទាប់ពីមានការលក់ចេញទ្រព្យសកម្មរបស់ចិន ព្រោះតែអ្នកវិនិយោគសកលព្រួយបារម្ភអំពីគោលនយោបាយរបស់ទីក្រុងប៉េកាំង ប៉ុន្តែភាគហ៊ុនហុងកុង និងចិនបានស្ទុះងើបឡើងវិញ។
តម្លៃប្រាក់យន់នៅម៉ោងបញ្ចប់ការជួញដូរក្នុងស្រុកមានតម្លៃ៧.៣០៨៥ក្នុងមួយដុល្លារ ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧មក។តម្លៃនេះជាតម្លៃទាបមួយបើធៀបនឹងពិដានតម្លៃប្រាក់យន់ដែលបានកំណត់ដោយធនាគារកណ្ដាលចិន។ តម្លៃប្រាក់យន់នៅឯនាយសមុទ្របានធ្លាក់ចុះដល់ទៅ៧.៣៦៥៥ក្នុងមួយដុល្លារ ដែលជាកម្រិតទាបថ្មីមួយទៀត។
តម្លៃប្រាក់យន់កំពុងទទួលរងផលប៉ះពាល់ពី «ភាពច្របូកច្របល់ទ្វេរដងនៃលំហូរចេញមូលធនកើនឡើង និងកំណែរទម្រង់របស់បក្សកុម្មុយនីសចិន» ។ នេះបើតាមអ្នកយុទ្ធសាស្រ្តរបស់ធនាគារ Mizuho លោក Ken Cheung ។
ទោះជាយ៉ាងណាក៏ដោយ ការលក់ចេញនូវទ្រព្យសកម្មទាំងឡាយក្នុងតម្លៃថោក ដោយសារតែមនុស្សភាគច្រើននៅចិនបារម្ភពីភាពមិនប្រកដប្រជានៃសេដ្ឋកិច្ចចិន និងផ្អែកលើការព្យាករណ៍គោលនយោបាយជាច្រើនក្រោមអាណត្តិទី៣របស់លោកប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) ដែលអ្នកវិនិយោគនិងបណ្ដាជនសង្ស័យថា បក្សកុម្មុយនីសចិនអាចនឹង លះបង់កំណើនសេដ្ឋកិច្ចដូរមកវិញនូវ មនោគមវិជ្ជា និងប្រកាន់ខ្ជាប់នូវអំណាច ជាឧទាហរណ៍ដូចជាគោលនយោបាយសូន្យ-កូវីដ របស់ចិន ដែលធ្វើឱ្យសេដ្ឋកិច្ចត្រដរខ្យល់ជាដើម។
សន្ទស្សន៍ហ៊ុន Hang Seng របស់ហុងកុងបានកើនឡើងដល់ ៦.៤ ភាគរយនៅម៉ោងបិទផ្សារហ៊ុននៅថ្ងៃអង្គារ បន្ទាប់ពី តម្លៃហ៊ុននេះមានតម្លៃ៦.១ ភាគរយនៅម៉ោងបិទទីផ្សារកាលពីថ្ងៃចន្ទ។ ភាគហ៊ុនរបស់ប្រទេសចិនក៏បានបញ្ចប់ភាពអវិជ្ជមានផងដែរក្នុងនោះសន្ទស្សន៍ ហ៊ុនCSI300 បានធ្លាក់ត្រឹម០.២ភាគរយខណៈពេលដែលសន្ទស្សន៍ Shanghai Composite បានបញ្ចប់យ៉ាងរលូន។
លោក Pruksa Iamthongthong នាយកវិនិយោគជាន់ខ្ពស់នៃភាគហ៊ុនអាស៊ីនៅក្រុមហ៊ុន abrdn បាននិយាយថា ៖« ទំនុកចិត្តលើទីផ្សារភាគហ៊ុនរបស់ចិននៅតែទន់ខ្សោយដោយ សារតែកត្តាម៉ាក្រូសេដ្ឋកិច្ច ហើយជាមួយនឹងគោលនយោបាយសូន្យ-COVID នៅតែមាន។ប៉ុន្តែ យើងនៅតែជាអ្នកទិញភាគហ៊ុនរបស់ចិន»។
នៅក្នុងទីផ្សាររូបិយប័ណ្ណ តម្លៃប្រាក់យន់ស្ទើរតែឈានដល់កម្រិតទាបបំផុត កាលពីថ្ងៃអង្គារ បើទោះបីជាមានការផ្លាស់ប្តូររបស់រដ្ឋាភិបាលដើម្បីបន្ធូរបន្ថយសម្ពាធនៃការធ្លាក់ថ្លៃក៏ដោយ។
អាជ្ញាធរ បានកែតម្រូវយុទ្ធសាស្ត្រមេសម្រាប់សាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងស្រុកក្នុងការប្រមូលមូលនិធិពីទីផ្សារក្រៅប្រទេស នាំឱ្យមានលំហូរទុនវិនិយោគកាន់តែច្រើន។ លើសពីនេះ និយ័តករប្តូរប្រាក់បរទេសរបស់ប្រទេសចិនបានបញ្ជូនការស្ទង់មតិមួយទៅ ធនាគារមួយចំនួនកាលពីល្ងាចថ្ងៃចន្ទ ដោយសួរពួកគេអំពីទីតាំងរបស់ពួកគេនៅក្នុងទីផ្សាររូបិយប័ណ្ណនេះ ។នេះបើតាម ប្រភពដែលបានប្រាប់សារព័ត៌មានរ៉យទ័រ ហើយនេះជាសញ្ញាថា អាជ្ញាធរចិនមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃប្រាក់យន់។
លោកCheung របស់ Mizuho រំពឹងថា ធនាគារកណ្ដាលចិន នឹងបន្តបង្រួមគម្លាតរវាងការកំណត់តម្លៃប្រាក់យន់ ដើម្បីកាត់បន្ថយសម្ពាធធ្លាក់ចុះ ដោយព្យាករណ៍ថា រូបិយប័ណ្ណចិនគួរតែឈរឱ្យនឹង នៅក្នុងតម្លៃទាបជាង៧.៤យន់ក្នុងមួយដុល្លារ៕

ប្រភព The Time Of India ប្រែសម្រួលដោយគីរីដងរែក