លោកសៅ សុខា នឹងលាលែងពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុ ក្រោម២២ឆ្នាំ (U22) ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣។
កាលពីយប់មិញនេះលោកសៅសុខាដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាច្រើនអាណត្តិបានរៀបរាប់ថា ៖«កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបាន ប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ប្រើពេលជាង១០ ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់»។
លោកបានបន្តថា ៖«បើការប្រកួតក្នុង group ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុ២២ ឆ្នាំ មិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវ ដែលកំពុងកាន់តំណែងជា ប្រធានសហពន្ធ័ កីឡាបាល់ទាត់ កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។
«ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ»។
ការលើកឡើងរបស់ប្រមុខសហព័ន្ធបាល់ទាត់ខាងលើនេះបានកើតមានឡើងបន្ទាប់ពីក្រុម U22 កម្ពុជាបានត្រឹមស្មើជាមួយហ្វីលីពីន ដោយលទ្ធផល ១-១ ដែលជាការប្រកួតមួយអ្នកគាំទ្រ ពឹងទទួលបានជ័យជម្នះ។ ដើម្បីអាចឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយបាន ក្រុម U22 កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ា ហើយ ប្រកួតចុងក្រោយត្រូវការហោចណាស់ស្មើឥណ្ឌូណេស៊ី៕


ដោយគិរីដងរែក




