25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ជាឱ្យផ្អាកការប្រកួតទាំងអស់ នៃលីគបាល់ទាត់ក្នុងស្រុក ក្រោយករណីរត់ជាន់គ្នាស្លាប់មនុស្សជិត ១៣០នាក់ នៅកីឡដ្ឋាន

- Advertisement -spot_img

(ហ្សាការតា)៖ នាថ្ងៃអាទិត្យនេះប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានចេញបញ្ជារឱ្យផ្អាកជាបណ្តោះអាសន្នសិន នូវរាល់ការប្រកួតទាំងអស់នៃលីគក្នុងស្រុក ហើយត្រូវរៀបចំការត្រួតពិនិត្យឡើងវិញលើផ្នែកសុវត្ថិភាព នៃការប្រកួតកីឡាបាល់ទាត់នៅក្នុង ប្រទេសរបស់លោក បន្ទាប់ពីមនុស្សរហូតដល់ ១២៩នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នាមួយ ដែលបង្កឡើងដោយសារតែ ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រនិងប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។

ក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ លោក វីដូដូ បានប្រកាសថា រដ្ឋមន្រ្តីយុវជននិងកីឡា រួមជាមួយអគ្គស្នងការប៉ូលិសជាតិ ហើយនិង ប្រធានសមាគមបាល់ទាត់ នៃប្រទេសឥណ្ឌូណេស៊ី ត្រូវបានបង្គាប់ឱ្យរួមគ្នាបើកការត្រួតពិនិត្យនិងវាយតម្លៃឡើងវិញ ទៅលើការប្រកួតក៏ដូចជានីតិវិធីរក្សាសន្តិសុខ ស្របពេលដែលគម្រោងរៀបចំការប្រកូតទាំងអស់ នៃលីគបាល់ទាត់ក្នុងស្រុក ត្រូវផ្អាកជាបណ្តោះអាសន្ន។

ដោយឡែក អភិបាលខេត្តជ្វាខាងកើត (East Java) បានប្រកាសថា ក្រុមគ្រួសារជនរងគ្រោះ នឹងទទួលបានថវិកាចំនួន១០លានរូពី ដែលស្មើនឹង ៩៨០ដុល្លារអាមេរិក ក្នុងមួយគ្រួសារ ដើម្បីជាផ្នែកនៃការចូលរួមរំលែកទុក្ខក្នុងសោកនាដកម្មនេះ។ មនុស្សយ៉ាងហោច១២៩នាក់បានស្លាប់ នៅកីឡដ្ឋានបាល់ទាត់មួយកន្លែង ស្ថិតក្នុងទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើត កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នៅពេលក្រុមអ្នកគាំទ្រនាំគ្នាចូលលុកលុយទីលាន ក្រោយចប់ការប្រកួត ហើយកងកម្លាំងប៉ូលិស ក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាប ជាហេតុនាំឱ្យមានការរត់ជាន់គ្នា។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់រដ្ឋមន្រ្តីសន្តិសុខឥណ្ឌូណេស៊ី កីឡដ្ឋានកើតហេតុ គឺមានអ្នកចូលទស្សនាច្រើនលើសសមត្ថភាពផ្ទុក ដោយសំបុត្រដល់ទៅខ្ទង់៤២,០០០សន្លឹក ត្រូវបានប្រកាសដាក់លក់ ខណៈចំនួនកំណត់ដែលកីឡដ្ឋាននេះ អាចផ្ទុកបានគឺ៣៨,០០០នាក់ ប៉ុណ្ណោះ។ ក្រៅពីអ្នកបាត់បង់ជី វិត មនុស្សប្រហែល១៨០នាក់ទៀត ក៏បានទទួលរងរបួស ក្នុងហេតុការណ៍ខាងលើផងដែរ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img