27 C
Phnom Penh
Monday, June 22, 2026
- Advertisement -spot_img

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ឆ្លងកាត់ស្ពានគ្រីមៀដោយបើករថយន្ដខ្លួនឯង

- Advertisement -spot_img

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបើករថយន្ដ Mercedes មួយគ្រឿងដោយខ្លួនឯង ឆ្លងកាត់ស្ពានគ្រីមៀ ដែលតភ្ជាប់ពីតំបន់ ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ទៅកាន់តំបន់គ្រីមៀ ក្នុងរយៈពេលជាង ២ខែ ចាប់តាំងពីមានហេតុការណ៍ផ្ទុះបំផ្លាញស្ពានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ស្ពានមួយខ្សែមានប្រវែង ១៩គីឡូម៉ែត្រ ដែលត្រូវបានសម្ពោធដោយលោក ពូទីន កាលពីឆ្នាំ២០១៨ បានរងការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ ហើយវិមានក្រឹមឡាំងបានចោទប្រកាន់ថាជាស្នាដៃរបស់អ៊ុយក្រែន។ លោក ពូទីន ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី លោក ម៉ារ៉ាត ឃូស្នូលីន (Marat Khusnullin) នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់កន្លែងដែលរងការវាយប្រហារបំផ្ទុះគ្រាប់បែក។ លោក ពូទីន បានគូសបញ្ជាក់ នៅពេលបើករថយន្ដដោយផ្ទាល់ ឆ្លងកាត់ស្ពាន យ៉ាងដូច្នេះថា «យើងកំពុងធ្វើដំណើរនៅខាងស្ដាំដៃ…រីឯនៅខាងឆ្វេងដៃស្ពាន បើតាមខ្ញុំដឹង វាកំពុងស្ថិតនៅក្រោមការជួសជុល។ តែយ៉ាងណាក៏ដោយ វាត្រូវតែបញ្ចប់ការជួសជុលទាំងស្រុង ហើយយើងចាំបាច់ត្រូវតែធ្វើឱ្យវាត្រឡប់មករកភាពល្អប្រសើរឡើងវិញ»។ លោក ពូទីន ក៏បានចុះដើរនៅលើស្ពាន ដើម្បីត្រួតពិនិត្យផ្នែកដែលរងការខូចខាតផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងថាខ្លួនមិនបានវាយប្រហារបំផ្ទុះគ្រាប់បែក បំផ្លាញស្ពានក្នុងតំបន់គ្រីមៀ កាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ ដែលចំនឹងថ្ងៃខួបកំណើត គម្រប់អាយុ៧០ឆ្នាំរបស់លោក ពូទីននោះទេ បើទោះជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ីនិយាយថាការវាយប្រហារនេះប្រព្រឹត្តឡើងដោយទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែនក៏ដោយ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img