លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានរួមគ្នាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដៃគូអន្តរជាតិ ចូលរួមអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការវាយប្រហារលើប្រជាជនស្លូតត្រង់ និងប្រទេសអ៊ុយក្រែនជាបន្ទាន់។
លោក ម៉ាក្រុង បានបង្ហោះលើបណ្ដាញសង្គម Twitter របស់ លោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា៖ “សង្គ្រាម រុស្ស៊ី នៅ អ៊ុយក្រែន បាន បង្ក ឱ្យ មាន ទុក្ខ វេទនា ខ្លាំង ពេក។ រួមគ្នាជាមួយកម្ពុជា យើងអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារ និងការវាយប្រហារលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាបន្ទាន់។ ដៃគូអន្តរជាតិ សូមចូលរួមជាមួយយើងនៅក្នុងការអំពាវនាវនេះ”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅ ថ្ងៃនេះដែរថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជា និងបារាំង។ សូមអរគុណ អេម៉ានុយអែល ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន”។
គួររំលឹកថា នៅយប់រំលងអាធ្រាត្រ ម៉ោង ១:៤៥ នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧:៤៥ នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។
ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ អញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់ នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង។
គួរបញ្ជាក់ថា នៅម៉ោង ១:០០ នាទីរំលងអធ្រាត្រ ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល៕





ដោយគីរីដងរែក




