សពស្ត្រីម្នាក់ ដែលឃាតកសម្លាប់ញាត់ចូលក្នុងវ៉ាលិសខ្មៅ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេមេគង្គ ដែលសពនេះមានសភាពហើមស្អុយទៅហើយ។ ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទឹកទន្លេ មេគង្គស្ថិតក្នុងទឹកដីខេត្តនគរភ្នំ ប្រទេសថៃ ។
បើតាមការរៀបរាប់ពីកម្លាំងយោធាជើងទឹកមួយរូប ដែលប្រចាំការនៅលើផ្ទៃទឹក ត្រង់ចំណុចកើតហេតុខាងលើបានបញ្ជាក់ថាលោក បានឃើញវ៉ាលិសនេះ អណ្តែតមកទើរក្បែរទីតាំងរបស់លោករយៈពេល២ថ្ងៃ មកហើយៗលោកក៏ មិនបានចាប់អារម្មណ៍ដែរ ។ មន្ត្រីយោធា រូបនេះបានបន្តថាលុះនៅរសៀលម្សិលមិញនេះ វ៉ាលិសបានអណ្តែតចូលមកជាប់ នឹងកប៉ាល់ របស់លោកទើបលោក និងមន្ត្រីផ្សេងទៀត បានយកកូនកាំបិតមកវះមើលខណៈដែលចុងកាំបិតវះដាច់បន្តិច ក៏ ស្រាប់តែឃើញអាវទ្រនាប់មនុស្សស្រីព្រមទាំងមានក្លិនស្អុយ សាយភាយចេញមកផងទើបលោកប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញមកពិនិត្យ ។
ក្រុមតម្រួតបាននាំវ៉ាលិសឡើង មកលើច្រាំងដើម្បីធ្វើការពិនិត្យរួមគ្នាក្រោយពីបានបើកវ៉ាលិសខ្មៅនោះរួចមកគេ សង្គេតឃើញមាន សព នារីម្នាក់ដេកបត់ជង្គង់ឱនក្បាលសម្បុរស ស្លៀកខោខូវប៊យពាក់អាវយឺតខៀវអាវទ្រនាប់ពណ៌ខ្មៅ និងខោលីអូពណ៌បៃតងដោយនៅលើ ផ្ទៃមុខមានស្នាមជាំជាច្រើន កន្លែងទំនងជាឃាតករវាយដោយវត្ថុរឹង និងមានអាយុប្រហែល ៤០ ឆ្នាំ ហើយនៅក្នុងវ៉ាលិសនោះដែរ ឃាតករបានដាក់ដុំថ្មភ្នំយ៉ាងធំដើម្បី ជួយឲ្យតួវ៉ាលិសលិចទៅបាតទន្លេប៉ុន្តែ លុះសពមានសភាព ហើមខ្លាំងក៏បានអណ្តែតឡើងមកលើ ផ្ទៃទឹកវិញ ។
សមត្ថកិច្ចបានសន្និដ្ឋានថាសពអាចត្រូវគេសម្លាប់បោះចូលទឹកទន្លេប្រហែល៥ ថ្ងៃមកហើយ ហើយក៏អាចរសាត់មកពីទីឆ្ងាយដែរឬក៏ អាចអណ្ដែតមកពីប្រទេសជិតខាងគឺមិនមែនជាអ្នករស់នៅក្នុងតំបន់ខាងលើឡើយដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការផ្សព្វផ្សាយ ស្រាវជ្រាវរកសាច់ញាតិក្នុងការចូលខ្លួនទៅបំភ្លឺដើម្បីជាទុនឈានទៅដល់ការចាប់ខ្លួនឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕





ដោយគីរីដងរែក




