ទីក្រុងប៉េកាំង បានគំរាមចាត់វិធានការសងសឹកចំពោះប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេសជាដើម បន្ទាប់ពីមានការដាក់កំហិតកូវីដថ្មី លើអ្នកដំណើរដែលមកពីប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃអង្គារទី០៣ខែមករាថា “យើងជឿថា ការរឹតបន្តឹងការចូល ដែលអនុម័តដោយប្រទេសមួយចំនួន ផ្តោតលើប្រទេសចិន គឺខ្វះមូលដ្ឋានវិទ្យាសាស្រ្ត ហើយការអនុវត្តហួសហេតុមួយចំនួន គឺកាន់តែមិនអាចទទួលយកបាន។ យើងសូមប្រឆាំងយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរៀបចំវិធានការកូវីដ សម្រាប់គោលបំណងនយោបាយ ហើយនឹងចាត់វិធានការតបតវិញ ដើម្បីសងសឹក”។
អ្នក ដែល មក ពី ចិន ចូល អង់គ្លេស ត្រូវ ធ្វើ តេស្ត រកកូវីដ អវិជ្ជមានសិន មុន ពេល ចូលបាន។ យ៉ាង ណា មិញ កាលពី ថ្ងៃអង្គារទី០៤ខែមករា រដ្ឋ មន្ត្រី ខុទ្ទកាល័យ បាន ប្រកាស ថា អ្នក ធ្វើ ដំណើរ ដែល ធ្វើ តេស្ត វិជ្ជមាន ចំពោះ មេរោគ កូវីដ១៩ ក្រោយ មក ពី ប្រទេស ចិន នឹង មិន ត្រូវ បង្ខំឲ្យ ធ្វើចត្តាឡីស័ក ឡើយ។
នាយកដ្ឋានសុខភាព និងការថែទាំសង្គមរបស់ចក្រភពអង់គ្លេស បាននិយាយថា ប្រទេសចិនត្រូវជួបប្រទះនឹងច្បាប់ថ្មីនេះ ដោយសារតែកង្វះព័ត៌មានសុខភាពដ៏ទូលំទូលាយ ព្រោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅតែបន្តព្យាយាមចុះផ្សាយសម្រាលភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ។
លោក Chen Erzhen អនុប្រធានមន្ទីរពេទ្យ Ruijin ក្នុងទីក្រុងសៀងហៃ និងជាសមាជិកនៃក្រុមប្រឹក្សាអ្នកជំនាញកូវីដរបស់ទីក្រុង ត្រូវបានដកស្រង់សម្តីដោយនិយាយថា ៧០ភាគរយនៃទីក្រុងនេះ អាចឆ្លងមេរោគកូវីដ១៩៕




ប្រែសម្រួលដោយគីរីដងរែក




