(វ៉ារស្សាវ៉ា)៖ ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
យ៉ាង ណា ក៏ ដោយ ប្រធាន អង្គការ អូតង់ បាន និយាយ ថា ទីក្រុង មូស្គូគឺមិន មែន ក្រុង កៀវទេ ដែលត្រូវ ស្តី បន្ទោស ចំពោះ ការ ចាប់ ផ្តើម សង្គ្រាម តាំង ពី ដំបូង និង បើក ការ វាយ ប្រហារ ដែល បង្ក ឱ្យ មាន ការ បាញ់ ការពារវិញពីសំណាក់ អ៊ុយក្រែន។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលនៅថ្ងៃនេះ «នេះមិនមែនជាកំហុសរបស់អ៊ុយក្រែនទេ។ រុស្ស៊ីត្រូវទទួលខុសត្រូវខ្ពស់បំផុត ខណៈដែលខ្លួនបន្តសង្គ្រាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។
ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាងថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយបានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែន ជាអ្នកបាញ់មីស៊ីលនេះឡើយ។
គួរបញ្ជាក់ថា មេដឹកនាំណាតូ និងមេដឹកនាំប្រទេសជាដៃគូ បានកោះប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញគ្រាប់មីស៊ីលធ្លាក់ចូលទឹកដីប៉ូឡូញ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីប៉ូឡូញរបស់លោកថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រ ការស៊ើបអង្កេតរបស់ប៉ូឡូញ៕





ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




