ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅខាងក្រៅ ក្រសួងការបរទេសអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុលបានបណ្តាលឲ្យមានមនុស្ស ស្លាប់យ៉ាងច្រើន។
ប៉ូលិសនិយាយថា ជនស៊ីវិលចំនួន៥នាក់ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់អះអាងថា ពេលនេះមនុស្សស្លាប់កើនដល់ជាង២០នាក់ហើយ។
ទីភ្នាក់ងារមនុស្សធម៌អ៊ីតាលី Emergency NGO ក្នុងទីក្រុងកាប៊ុល និយាយថា ខ្លួនបានទទួលអ្នករបួសជាង ៤០ នាក់ ហើយចំនួនអ្នកស្លាប់កំពុងបន្តកើនឡើង។
ក្រុមតាលីបង់និយាយថា ការវាយប្រហារនេះ បានកើតឡើងប្រហែលម៉ោង ១៦:០០ (ម៉ោងក្នុងស្រុក) នៅពេលអ្នកបំផ្ទុះគ្រាប់បែក ព្យាយាមចូលទៅក្នុងអគារក្រសួង ប៉ុន្តែមិនអាចចូលបាន។
តំបន់នៃការបំផ្ទុះគ្រាប់បែកនេះ គឺមានស្ថានទូតរបស់ប្រទេសជាច្រើនដូចជា តួកគី និងចិនជាដើម
សាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋឥស្លាមខេត្ត Khorasan (Isis-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងការបង្ហោះលើ Telegram។
យោងតាមរបាយការណ៍ គណៈប្រតិភូចិនគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាននៅខាងក្នុងអគារក្រសួងការបរទេស នៅពេលការវាយប្រហារផ្ទុះឡើង៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




