សហរដ្ឋអាមេរិក កំពុងតាមដានបាឡុងស៊ើបការណ៍សង្ស័យជារបស់ចិន ដែលគេមើលឃើញពីលើដែនអាកាសអាមេរិក អស់រយៈពេលពីរបីថ្ងៃមកហើយ ប៉ុន្តែមន្ទីរបញ្ចកោណបានសម្រេចចិត្តមិនបាញ់វាចោលឡើយ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់ដល់មនុស្សនៅលើដី។
មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងមន្ទីរបញ្ចកោណនៅថ្ងៃសុក្រទី០៣ខែកុម្ភៈថា សហរដ្ឋអាមេរិកមានទំនុកចិត្តខ្ពស់ថា វាជាបាឡុងរយៈកម្ពស់ខ្ពស់របស់ចិន ហើយថា វាកំពុងហោះហើរលើទីតាំងដ៏រសើបដើម្បីប្រមូលព័ត៌មាន។
កន្លែងមួយដែលបាឡុងនេះត្រូវបានគេប្រទះឃើញគឺ រដ្ឋ Montana ដែលជាទីតាំងផ្ទុកស៊ីឡូមីស៊ីលនុយក្លេអ៊ែរចំនួនបីរបស់ប្រទេស នៅមូលដ្ឋានទ័ពអាកាស Malmstrom។
ឧត្តមសេនីយ៍ឯក Patrick Ryder លេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ បានផ្តល់សេចក្តីថ្លែងការណ៍ខ្លីមួយអំពីបញ្ហានេះ ដោយនិយាយថា រដ្ឋាភិបាលនៅតែបន្តតាមដានបាឡុងនេះ។ លោកលើកឡើងថាបាឡុងធ្វើដំណើរនៅរយៈកម្ពស់ខ្ពស់ជាងចរាចរណ៍ផ្លូវ អាកាសពាណិជ្ជកម្មហើយមិនបង្ហាញពីការគំរាមកំហែង ផ្នែកយោធាឬរូបវន្តដល់មនុស្សនៅលើដីនោះទេ។
លោកបន្ថែមថា សកម្មភាពឃ្លាំមើលស្រដៀងគ្នានេះ ត្រូវបានគេឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីធានាថា បាឡុងមិនប្រមូលព័ត៌មានរសើបឡើយ។
លោក Patrick Ryder ស្របពេលជាមួយគ្នានោះដែរ មន្ត្រីការពារជាតិបាននិយាយថា សហរដ្ឋអាមេរិកបានទាក់ទងទៅមន្ត្រីចិនតាមរយៈបណ្តាញជាច្រើន និងបានលើកឡើងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសចិន៕



ប្រភព AP ប្រែសម្រួលដោយគិរីដងរែក




