ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ ឆ្នាំ២០២២ នឹងចាប់ផ្ដើមពីខែកក្កដា តទៅ ដោយមាន១២ក្រុមចូលរួម ដំណើរការរៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ ម៉ោង៣និង៣០នាទី។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ (បឹងកេត) និងទីលានដែលស្ម័គ្រចិត្ត។
សម្រាប់រូបមន្តនៃការប្រកួត ដំណាក់កាលទី១ ត្រូវវិលជុំសន្សំពិន្ទុ១ជុំ។ ក្រុមលេខ១ដល់លេខ៤ ត្រូវបន្តទៅប្រកួតវិលជុំ២ជើង ដោយផ្លាស់ប្ដូរទឹកដី រហូតដល់រកឃើញក្រុមជើងឯក។
កីឡាករដែលអាចចូលលេងបាន គឺជាសិស្សក្នុងវិទ្យាល័យតែម្ដង មិនមែនជាកីឡាករកំពុងហ្វឹកហាត់នៅក្លិបអាជីពណាមួយទេ។ ចំនួនក្រុមក៏កើនឡើងពី៩ដល់១២ក្រុម។
កីឡាករដែលលេងក្នុងពានយុវជន U15 និង U18 លេងពានសហព័ន្ធបាល់ទាត់កម្ពុជា អាចចូលលេងបាន៣នាក់។
ការប្រកួតជើងឯកវិទ្យាល័យនេះធ្វើឡើងដើម្បីរួមចំណែកលើកស្ទួយបាល់ទាត់នៅកម្ពុជា, បណ្ដុះស្មារតីដល់យុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខទាំង, សម្រិតសម្រាំងរកធនធានកីឡាករល្អៗជាថ្នាលបន្តវេន និងស្របតាមគោលដៅស៊ីហ្គេម ឆ្នាំ២០២៣, ជួយបណ្ដុះយុវជនទាំងនោះឲ្យគោលដៅ និងសុបិនក្លាយជាកីឡាករអាជីពរបស់ពួកគេ, ព្រមទាំងបង្កើននូវភាពសប្បាយរីករាយ រឹតចំណងសាមគ្គីភាពរវាងសិស្សានុសិស្សតាមគ្រឹះស្ថានសិក្សានានា។
ក្រុមជើងឯកទទួលបានប្រាក់រង្វាន់៦០លានរៀល, លេខ២ បាន៤០លានរៀល និងលេខ៣ បាន២០លានរៀល។ ក្រៅពីនេះក៏នៅមានប្រាក់រង្វាន់សម្រាប់ពានរង្វាន់ឯកត្តជនផងដែរ។
គួររំឭកថា ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្នុងឆ្នាំ២០១៩ ដែលកាលណោះមាន៩ក្រុមចូលរួម និងជើងឯកបានទៅលើក្រុមវិទ្យាល័យឥន្ទ្រទេវី៕
ដោយគីរីដងរែក