បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីដែលទើបកន្លងផុតទៅបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ បន្ទប់សណ្ឋាគារត្រូវបាន”កក់ពេញ” បុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានអារម្មណ៍អនាគតយ៉ាងខ្លាំងត្រូវបានដាក់បញ្ចូលក្នុងតារាងស្វែងរកច្រើនបំផុតលើបណ្តាញអ៊ីនធឺណិតនិងជនបរទេសកាន់តែច្រើនឡើងៗ សម្រុកទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន ល។ល ប្រការទាំងនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកសម្រាប់បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីនេះ ។
ក្នុងនាមជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកទីពីរបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីដោយជោគជ័យ ទីផ្សារបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីឆ្នាំ ២០២៦ មានសន្ទុះកើនឡើងខ្លាំង ។

ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បរិមាណសរុបនៃអ្នកដំណើរទៅមកក្នុងសង្គមទាំងមូលបានលើសពី ២ ពាន់ ៨ រយលាននាក់ គិតជាមធ្យមក្នុងមួយថ្ងៃបានឡើងដល់ ៣១១ លាននាក់ដែលបានកើនឡើង ៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ទំហំលក់ដូរក្នុងមួយថ្ងៃគិតជាមធ្យមនៃសហគ្រាសលក់រាយនិងសហគ្រាសភោជនីយដ្ឋានសំខាន់ៗរបស់ប្រទេសចិនបានកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។
ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកទ្វារព្រំដែនទូទាំងប្រទេសចិនបានត្រួតពិនិត្យអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនចំនួនសរុប ១៧,៧៩៦លាននាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ គិតជាមធ្យមក្នុងមួយថ្ងៃមានចំនួនដល់ទៅ ១,៩៧៧ លាននាក់ដែលបានកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ ។ ចំនួនលក់សំបុត្រភាពយន្តរបស់ចិនក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ បានលើសពី ៥,៧ ពាន់លានយាន់ប្រាក់ចិន ចំណែកចំនួនសរុបនៃការលក់សំបុត្រភាពយន្តប្រចាំឆ្នាំ ២០២៦ បានកាន់លំដាប់ទី ១ លើពិភពលោក ។ល។
តួលេខដ៏គួរឱ្យលេចធ្លោទាំងនេះបានចាក់មូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានវាយតម្លៃថា បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីបានក្លាយជា”កាតាលីករ”សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល ។ ស្របពេលនឹងការអាប់ដេតនៃទីផ្សារនិងវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិធីលេងកម្សាន្តថ្មីសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិនក៏កាន់តែមានភាពសម្បូរបែបផងដែរ ។ ពីការបញ្ចាំងភ្លើងពណ៌ឡាស៊ែរដោយព្រិលទឹកកកដល់សារមន្ទីរឌីជីថល ទីផ្សារដែលមានលក្ខណៈពិសេសគ្រប់បែបយ៉ាងបាននាំមកនូវការដកបទពិសោធដ៏សម្បូបែបដល់អ្នកផងទាំងពួង ។ ការសម្តែងដ្រូន មនុស្សយន្តជូនពរឆ្នាំថ្មីនិងសរសេរពាក្យជូនពរតាមរយៈភាពវៃឆ្លាតសិប្បនិមិ្មតបានក្លាយជា”ផលិតផលថ្មីទាំងបី”សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ។

មនុស្សយន្តដែល”ផលិតដោយតម្រិះប្រាជ្ញាចិន”បានដើរចូលក្នុងទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាលើកដំបូងដើម្បីសរសេរអក្សរជូនពរដែលមានភាពសន្ទុះ Cyber ខ្លាំងក្លាក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ សេវាកម្មដូចជាជួយធ្វើម្ហូបនៅផ្ទះនិងឱ្យចំណីសត្វចិញ្ចឹមដែលទទួលការពេញនិយមខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ បានបង្ហាញយ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេងនៃការប្រើប្រាស់ខាងសេវាកម្ម ។ ការទៅមករវាងប្រជាជនចិននិងបរទេសបានក្លាយជាការបកស្រាយដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍វប្បធម៌សកលនេះ ។ ក្នុងអំឡុងវិស្សមកាលនេះ អ្នកទេសចរចិនបានទៅធ្វើទេសចរណ៍នៅទីក្រុងជិត ១០០០ នៅទូទាំងពិភពលោក “មិត្តភក្តិថ្មីដែលលើកលែងទិដ្ឋាការ”ដូចជាប្រទេសរុស្ស៊ីនិងតួកគីជាដើមបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ការធ្វើដំណើរទេសចរណ៍ឆ្លងដែន ហើយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងមីឡានដែលបានប្រារព្ធធ្វើក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមិក៏បានធ្វើឱ្យការធ្វើទេសចរណ៍នៅប្រទេសអ៊ីតាលីមានការពេញនិយមយ៉ាងខ្លាំងផងដែរ ។
លើសពីនេះទៅទៀត ភ្ញៀវទេសចរបរទេសបាននាំគ្នាទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន ហើយចំនួនកក់សំបុត្រយន្តហោះចូលដែនចិនបានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើនបានកើនឡើងជាងពីរដង ។បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ឱឡារិកបំផុតនិងមានភាពតំណាងបំផុតរបស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកលនៃនិមិត្តសញ្ញាវប្បធម៌កំពូលផុតលេខនេះត្រូវបានលើកតម្កើងកិត្យនុភាពយ៉ាងលេចធ្លោ ។ ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ។
សន្ទុះកើនឡើងខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មី ។ មានការចាប់ផ្តើមថ្មីនៅឆ្នាំថ្មី ប្រទេសចិននឹងរួមសហការជាមួយពិភពលោកដើម្បីឆ្ពោះទៅមុខជារៀងរហូត ៕
ដោយគិរីដងរែក




