23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

បណ្ឌិត ហ៊ុន ម៉ាណែត : អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ?

- Advertisement -spot_img

(ភ្នំពេញ)៖ ពេលនេះអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញមកបកស្បែកមុខអ្នកនយោបាយចាស់វស្សាចាញ់មិន ដែលឈ្នះ និងមានឈ្មោះជាជនក្បត់ជាតិ៣ជាន់ សម រង្ស៉ី ទៀតហើយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញមកបបួលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ដើម្បីបញ្ជាក់ការពិតរឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅក្នុងប្រទេសបារាំង។

ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា បានកើតមានឡើង បន្ទាប់ពីជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២២ បានចេញមកប្រតិដ្ឋរឿងចោទលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។

ឆ្លើយតបការចោទប្រកាន់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយតែម្តង។ បើទណ្ឌិត សម រង្ស៉ី ពិតមានភស្តុតាងបញ្ជាក់លើការចោទប្រកាន់នេះមែន គឺលោកបណ្ឌិត នឹងបញ្ចប់ជីវិតនយោបាយរបស់ខ្លួនតែម្តង។

លោកបណ្ឌិត ហ៊ុ ន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថា រឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំឱ្យមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយ របស់ក្មេងម្នាក់ (អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្ស៉ី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះ ដោយឥតអៀនខ្មាស់ដែរ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលយ៉ាងដូច្នេះ «សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សា ដែលលបតែវាយប្រហារគេ ពីក្រោយខ្នងហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល។ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង»?

អ្នកនយោបាយដែលបានបញ្ចប់ការសិក្សាផ្នែកយោធាពីអាមេរិក និងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីអង់គ្លេសរូបនេះ បានគូសបញ្ជាក់ថា ដើម្បីស្រាវជ្រាវរកការពិតលើការចោទរបស់ទណ្ឌិត សម រង្ស៉ី នេះ គឺមិនពិបាកបញ្ជាក់នោះទេ ព្រោះបើនគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

គេដឹងថាទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ច្បាស់ជាពូកែតែខាងចោទ តែរឿងរកភស្តុតាងមកសំអាងគឺគ្មាននោះទេ។ លោក ហ៊ុន ម៉ាណែត បានបបួលបែបបញ្ចើចបញ្ចើទៅអ្នកនយោបាយចរិតមាន់សម្លចូលតែចាក់រូបនេះថា «តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំឱ្យមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តង ហើយម្តងទៀតមិនចេះហត់»។

ក្នុងសារប្រតិកម្មនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចើចបញ្ចើដាក់ទៅទណ្ឌិត សម រង្ស៉ី ដែរថា លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុករបស់លោក តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក។ ឥឡូវនេះលោកផ្តល់ឱកាសមាសឱ្យលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ធ្លាប់បបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ស្បថដាក់ជីវិតនយោបាយផងដែរ លើការចោទប្រកាន់គុណភាពសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។ តែពេលនោះ ទណ្ឌិតក្បត់ជាតិតជំនាន់រូបនេះ លិបក្បាលដូចអណ្តើកមិនបានហ៊ានតតាំងនោះឡើយ ហើយភស្តុតាងសំអាងលើការចោទរបស់ខ្លួននោះក៏គ្មានឃើញបង្ហាញអ្វីនោះដែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img