26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

​នៅ​ខេត្ត​តាកែវ​កំពុង​ព្យាបាល​៣​នាក់​ដោយសារ​ពុល​ស្រា​ថ្នាំនឹងមាន ស្លាប់​៣​នាក់

- Advertisement -spot_img

មនុស្ស​ ៣ នាក់​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ ខណៈ​ ៣ នាក់​ទៀត​កំពុង​ព្យាបាល​ ក្នុង​ករណី​ពុល​ស្រា​ថ្នាំ​ នៅ​ភូមិ​ត្នោត ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ គិត​ចាប់​ពី​ថ្ងៃទី​១៧ ខែ​សីហា​នេះ។

ក្រសួង​សុខាភិបាល​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី២២​ ខែសីហា​នេះ​ថា មុន​ពេល​កើត​ហេតុ គឺ​នៅ​ថ្ងៃ​ទី១៦ ខែសីហា ជន​រងគ្រោះ​គាត់​បាន​ពិសា​ស្រា​ថ្នាំ ​លុះ​ថ្ងៃ​ទី១៧ ​មនុស្ស​ ៣​នាក់​បាន​ស្លាប់​ និង​៣​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​សំណាក​ស្រាថ្នាំ ​ដែល​ធ្វើ​ឡើង​ដោយ​​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប.) ​រក​ឃើញ​ថា​ សំណាក​ស្រា​មាន​ផ្ទុក​សារធាតុ​មេតាណុល​​ក្នុង​កម្រិត ១៥ ភាគរយ ដែល​ធ្វើ​ឲ្យ​ពុល​ស្លាប់​ ដែល​កម្រិត​មិន​ពុល​នោះ​មិន​ត្រូវ​លើស​ពី ០.១ ភាគរយ។

លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវបាន​ថ្លែង​ថា៖ «គាត់​លក់​គ្រឿង​ផ្សំ​ ដូចជា​ឫស​ឈើ​អី​ជា​ដើម។ គាត់​ក៏​ជា​អ្នក​ផលិត​ដែរ។ តាម​ព័ត៌មាន​ឮ​ថា​គាត់​ធ្វើ​យូរ​ហើយ។ ប៉ុន្តែ យើង​មិន​ដឹង​ថា​គាត់​បាន​មេ​ថ្មី​នេះ​ពី​ណា»។

យោង​តាម​ក្រសួង​សុខាភិបាល ចាប់​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៤ ​មាន​ការ​ពុល​ស្រា ​ស​ ឬ​ស្រា​ថ្នាំ សរុប​ចំនួន​ ៥១៧នាក់ ក្នុង​នោះ​ស្លាប់​៨៩​នាក់។

អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ក្រុម​ឆ្លើយ​តប​បន្ទាន់​ បាន​ចុះ​អប់រំ​ណែ​នាំ​ប្រជាជន​នៅ​តាម​ភូមិ-ឃុំ ​ដែល​កើត ហេតុ​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​អនុវត្ត​ខ្ជាប់​ខ្ជួន​នូវ​អនាម័យ​ចំណី​អាហារ​ឲ្យ​បាន​ល្អ​ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពិសា​ស្រា​ដែល​ផលិត​ឬ​បិត​ស្រា​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​បច្ចេកទេស និង​បញ្ឈប់​ការ​លក់​ស្រា​ និង​បញ្ឈប់​ទីតាំង​ផលិត​ចែក​ចាយ​ស្រា​ក្នុង​តំបន់​គោល​ដៅ​ដែល​កើត​ហេតុ​ខាង​លើ។

ក្រសួង​សុខាភិបាល​សូម​ក្រើន​រំលឹក​និង​អំពាវនាវ​ដោយ​ទទូច​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​និង​អ្នក​ពាក់​ព័ន្ធ​នៅ​ទូទាំង​ប្រទេស​ ត្រូវ​អនុវត្ត​វិធានការ​ដូច​​ដើម្បី ការពារ​ការ​ពុល​ស្រា​ដែល​បិត​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស។

ក្រសួង​បញ្ជាក់​ថា៖ «មេតាណុល​មិន​មែន​ជា​មេស្រា​ទេ។ ​យើង​រួម​គ្នា​បញ្ឈប់ ​ការ​ប្រើ​ប្រាស់​មេតាណុល​ផលិត​ស្រា​ ស និង​ស្រាថ្នាំ»។

ក្រសួង​ក៏​អំពាវ​នាវ​ឲ្យ​​ពលរដ្ឋ​បញ្ឈប់​ការ​ទិញ ​លក់ ​ផលិត​ ឬ​បរិភោគ​ស្រា ស និង​ស្រា​ថ្នាំ ដែល​ផលិត​មាន​ប្រភព​មិន​ច្បាស់​លាស់ ​និង​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹម​ត្រូវ។

ក្រសួង​សុខាភិបាល​ប្រាប់​ឲ្យ​អាជ្ញាធរ «ចាត់​តាំង​កម្លាំង​គ្រប់​គ្រង ​ឃ្លាំ​មើល​ និង​ទប់​ស្កាត់​ការ​លក់​ស្រា​បិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ និង​ណែនាំ​ប្រជាពលរដ្ឋ ​ជៀស​វាង​ យក​សារធាតុ​មេតាណុល​លាយ​ធ្វើ​ស្រា ស ឬ​ស្រាថ្នាំ ដែល​បង្ក​ឲ្យ​ពុល​និង​ស្លាប់​បាត់​បង់​ជីវិត»។

លោក វ៉ី សំណាង ក៏​អំពាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ប្រយ័ត្ន​ចំពោះ​ការ​ផលិត​ស្រា​ ស ឬ​ស្រា​ថ្នាំ ពីព្រោះ​​ពួក​គាត់​មិន​មែន​ជា​អ្នក​មាន​បច្ចេកទេស​ផលិត​ស្រា​បែប​នេះ។

លោក​ថា៖ «អ្នក​ហូប​ក៏​អីចឹង​ដែរ សូម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ហូប ហើយ​កុំ​ហូប​ច្រើន ព្រោះ​ស្រា តែ​ហូប​ច្រើន​គឺ​មាន​បញ្ហា។ ដូច្នេះ យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា ទាំង​អ្នក​លក់​នឹង​អ្នក​ផលិត»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img