រដ្ឋាភិបាលអាមេរិក បាននិយាយនៅថ្ងៃសុក្រទី០៩ខែកុម្ភៈថា បាឡុងចារកម្មរបស់ចិន ដែលអាមេរិកបាញ់ទម្លាក់លើមហាសមុទ្រអាត្លង់ទិកកាលពីចុងសប្តាហ៍មុន គឺផ្ទុកឧបករណ៍បច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពប្រមូលសញ្ញាទាក់ទង និងព័ត៌មានរសើបផ្សេងៗទៀត។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស, ច្បាស់ណាស់ បាឡុងនេះ មានឧបករណ៍សម្រាប់ការស៊ើបការណ៍សម្ងាត់ រួមទាំងអង់តែនយ៉ាងច្រើន ដែលទំនងជាមានសមត្ថភាពប្រមូល និងទំនាក់ទំនងតាមទីតាំងភូមិសាស្ត្រនានាផងដែរ។
មន្ត្រីដដែលនិយាយថា បាឡុងនេះ ទំនងជាផ្នែកមួយនៃកម្មវិធីចារកម្មលើអាកាសដ៏ធំ ដែលប្រតិបត្តិការដោយយោធាចិន ហើយបានកំណត់គោលដៅនៅប្រទេសជាង១០ លើទ្វីបចំនួន៥។
បាឡុង ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រី FBI ដែលចូលរួមក្នុងប្រតិបត្តិការរុករក និងពិនិត្យព័ស្តុតាងពីបាឡុងបាននិយាយនៅថ្ងៃសុក្រថា សម្ភារជាច្រើននៅតែស្ថិតក្នុងទឹក ហើយនឹងតម្រូវឲ្យក្រុមអ្នកមុជទឹកមកពីការិយាល័យនេះ និងកងទ័ពជើងទឹកអាមេរិក ប្រមូលឡើងគោក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តការនេះ អាចត្រូវបានរំខានដោយសារបញ្ហាអាកាសធាតុ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ningនៅទីក្រុងប៉េកាំង មុនពេលសហរដ្ឋអាមេរិកផ្តល់ព័ត៌មានថ្មី, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានទទូចម្តងហើយម្តងទៀតថា នេះជាបាឡុងឧតុនិយមស៊ីវិល ដែលបានហោះខុសផ្លូវ ហើយថា សហរដ្ឋអាមេរិកប្រតិកម្មខ្លាំងពេក ដោយការបាញ់ទម្លាក់វា។
លោកស្រី Mao បន្តថា “ វាជាភាពគ្មានទំនួលខុសត្រូវ។ ការចោទប្រកាន់ចុងក្រោយនេះ អាចជាផ្នែកមួយនៃសង្គ្រាមព័ត៌មានរបស់ ភាគី អាមេរិកប្រឆាំងនឹងប្រទេសចិន”៕




ប្រភព NY TIMES ប្រែសម្រួលដោយគិរីដងរែក




