រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subraanyam Jaishankar បានប្រកាសថា ប្រទេសរបស់លោកបានដាក់ពង្រាយទាហានក្នុងចំនួនកំណត់ត្រា មិនធ្លាប់មាន នៅតាមព្រំដែនជាមួយប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធឲ្យទីក្រុងប៉េកាំង កាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។
លោកបានកត់សម្គាល់ថាវិធានការនេះកើតឡើងបន្ទាប់ពីប្រទេសចិនបង្កើនវត្តមានរបស់ខ្លួនយ៉ាងច្រើននៅតាមព្រំដែនជម្លោះចាប់ តាំង ពីឆ្នាំ២០២០មក។
កងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នានៅរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌាកាលពីថ្ងៃទី០៩ខែធ្នូ ដែលនោះជាការប៉ះទង្គិចគ្នាលើកដំបូងរវាងរដ្ឋអាស៊ីប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ក្នុងរយៈពេលជិត២ឆ្នាំ។ ការប៉ះទង្គិចគ្នានោះ មិនអូសបន្លាយយូរប៉ុន្មានទេ ដោយសារភាគីទាំងសងខាងបានរំសាយគ្នាយ៉ាងឆាប់រហ័សប៉ុន្តែមានទាហាន៣នាក់រងរបួសស្រាល។
ក្រសួងការពារជាតិឥណ្ឌា អះអាងថា ការប្រយុទ្ធគ្នានោះ គឺបង្កឡើងដោយកងទ័ពចិន ដែលបានប៉ុនប៉ងឆ្លងកាត់ព្រំដែនហិមាល័យមានជម្លោះ ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងថា ព្យាយាមផ្លាស់ប្តូរស្ថានភាពក្នុងតំបន់នោះ ជាឯកតោភាគី។
គួរបញ្ជាក់ថាព្រំដែនហិមាល័យប្រវែងជិត៣៥០០ គីឡូម៉ែត្រ គឺជាចំណុចជម្លោះ រវាងរដ្ឋអាស៊ីទាំងពីរអស់រយៈពេលជាយូរមកហើយ។
នៅឆ្នាំ១៩៦២ ចិននិងឥណ្ឌាបានប្រយុទ្ធគ្នា ក្នុងសង្គ្រាមទ្រង់ទ្រាយធំដើម្បីគ្រប់គ្រងតំបន់ ដែលទីក្រុងប៉េកាំងទាមទារទាំងស្រុង និងចាត់ទុកជាផ្នែកមួយនៃតំបន់ទីបេ។
ការប្រយុទ្ធគ្នាដោយដៃ បានផ្ទុះឡើងនៅតាមខ្សែបន្ទាត់ក្នុងឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ជំទាស់ទៅនឹងការស្ថាបនាផ្លូវរបស់ឥណ្ឌានៅក្នុងទឹកដីដែលខ្លួនទាមទារ។ ឥណ្ឌានិយាយថាខ្លួនបានបាត់បង់ទាហានប្រហែល២០នាក់ខណៈចិនអះអាងថាបាត់បង់៤នាក់ ៕




ប្រភព China Project ប្រែសម្រួលដោយគីរីដងរែក




