នៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈ ប្រទេសរុស្ស៊ី បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកកំពុងពិចារណាជំនួយយោធាសម្រាប់ទីក្រុងកៀវ ហើយមានឆន្ទៈ សម្រុះសម្រួលក្នុងជម្លោះនេះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា “យើងធ្លាប់និយាយហើយថា ប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនោះជាគោលដៅស្របច្បាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី”។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova
ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន អ៊ីស្រាអែលបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះទីក្រុងមូស្គូ ដោយព្យាយាមរក្សាអព្យាក្រឹតភាព។
អ៊ីស្រាអែល បានសង្កត់ធ្ងន់អំពីទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ ដោយសារអ៊ីស្រាអែលមានពលរដ្ឋជាងមួយលាននាក់ ចេញពីអតីតសហភាពសូវៀត។
វិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀត អំពីការរីកធំនៃជម្លោះ ខណៈដៃគូលោកខាងលិចរបស់អ៊ុយក្រែន នៅតែបន្តប្តេជ្ញាចិត្តផ្តល់អាវុធបន្ថែមទៀតឲ្យទីក្រុងកៀវ។
ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន និងបែរឡាំង បានប្រកាសថា ពួកគេនឹងផ្គត់ផ្គង់ទីក្រុងកៀវ ជាមួយនឹងរថក្រោះទំនើបៗ ប៉ុន្តែអ៊ុយក្រែនក៏កំពុងស្នើសុំអ្នកគាំទ្ររបស់ខ្លួន សម្រាប់យន្តហោះចម្បាំង និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ៕




ប្រភព The Times Of Israel ប្រែសម្រួលដោយគីរីដងរែក




