រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញនិងប្រគល់នាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ២៥គ្រឿងប៉ុណ្ណោះជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនានិងផ្តុំឡើងជាពិសេស ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកានៅកម្ពុជា ដែលនាឡិកាដៃប្រណិតប្រភេទ ASEAN Lotus Tourbillion នេះ បានបញ្ជាក់អំពីស្មារតីនៃការរួបរួមរបស់ប្រទេសជាសមាជិកអាស៊ានដែលមិនអាចកាត់ថ្លៃបាន និងជាតំណាងនៃកម្លាំងចលនាដ៏មុតមាំក្នុងការជំនះគ្រប់ឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូសន្ទនាទាំងអស់។ ជាមួយគ្នានេះនាឡិកាដៃចំនួន២៥គ្រឿងនេះ គឺជាអំណោយចំណងអនុស្សាវរីយ៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឯកឧត្តមលុយដាវីតរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធបានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាឆ្នាំមួយដែលត្រូវបានសម្គាល់ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដៃគូខាងក្រៅនានា និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឡិកាដៃដ៏ល្អប្រណិតនេះត្រូវបានរចនាឡើងតាមបែបសិល្បៈយ៉ាងល្អឥតខ្ចោះសម្រាប់ជាអំណោយអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។»
អំពីនាឡិកាដៃ ASEAN Lotus Tourbillion
នាឡិកាដ៏ប្រណិតនេះត្រូវបានរចនាឡើងដោយការបំផុសគំនិតតាមនិមិត្តសញ្ញាផ្កាឈូក ដែលជានិមិត្តសញ្ញាតំណាងឱ្យកម្ពុជាជាប្រធានអាស៊ាន ព្រមទាំងតំណាងឱ្យភាពបរិសុទ្ធ និងភាពរឹងមាំ។
ជាមួយនឹងមូលបទ មជ្ឈភាពអាស៊ាន ការតាក់តែងយ៉ាងម៉ត់ចត់នៃត្របកផ្កាទាំង ១០ បង្កប់នូវស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង ១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាពជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមនានាដើម្បីធានាបាននូវការអភិវឌ្ឍរួមនិងប្រកបដោយនិរន្តរភាពនៃសហគមន៍អាស៊ាន។
នាឡិកាដៃដ៏ប្រណិតនីមួយៗស្រោបដោយដែកកម្រាស់ ៤៣.៥ មីលីម៉ែត្រ រួមជាមួយនឹងការបំពាក់ដោយត្បូងកណ្តៀងគ្រីស្តាស់ដែលរំលេចនៅផ្នែកខាងមុខនៃផ្ទៃខាងក្រោយសំបកនាឡិកា។ នាឡិកាដៃមានពណ៍ស្រាសាំប៉ាញ់ (The champagne dial) ជាមួយនឹងសន្ទស្សន៍ស្រោបមាស រំលេចក្រោមទ្រនិចវិនាទីនៅត្រង់សន្ទស្សន៍លេខ៦ តុបតែងជាមួយនឹងការរចនាជាផ្កាឈូក។
ASEAN Lotus Tourbillon ធ្វើឡើងពីចលនាមេកានិចខ្យល់ដោយដៃផ្ទាល់ ដែលអាចផ្តល់ថាមពលបង្វិល(Tourbillon)ដំណើរការសម្រាប់រយៈពេល៦០វិនាទី។ វាមានថាមពលបម្រុងរហូតដល់៤៨ម៉ោង និងថាមពលដំណើរការនៅប្រេកង់ ៣ហឺត។ នាឡិកាដៃដ៏ប្រណិតនេះមានរចនាតាមបទបែបបុរាណ មានភាពថ្លៃថ្លូរ និងជាទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោល បំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវ សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជាក្នុងការផ្តល់អាហារូបករណ៍ពេញលេញទៅដល់និស្សិត សាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមមាន ប្រាក់ឧបត្ថម្ភ ការចុះកម្មសិក្សា និងឱកាស ការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ៥០០,០០០ នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារ។
ជាមួយគ្នានេះ លោក Sack-Man Louiនាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាបានថ្លែងថា៖ «ការផ្តោតសំខាន់ចំបងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាគឺមានទំនួលខុសត្រូវក្នុងការផលិតនាឡិកាដៃប្រណិតដែលមានចំនួនកំណត់ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យក៏ដូចជាបង្កើតផ្លូវអាជីពថ្មីមួយសម្រាប់ប្រជាជនកម្ពុជាដែលមានទេពកោសល្យនិងមានចំណាប់អារម្មណ៍ក្នុងជំនាញផ្នែកផលិតនាឡិកាដ៏ល្អប្រណិត។»
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដើម្បីបណ្តុះបណ្តាលជំនាញផលិតនាឡិកាដ៏ពិសេសនៅកម្ពុជា ដោយផ្តល់ជូនកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ក្នុងរយៈពេល៣៤០០ម៉ោងទៅលើមុខវិជ្ជាមីក្រូមេកានិក និងមុខវិជ្ជាផលិតនាឡិកាដែលបង្រៀនស្របតាមស្តង់ដារអន្តរជាតិ។ថ្មីៗនេះ សិស្សនិស្សិតកម្ពុជាដែលមានទេពកោសល្យចំនួន ៦នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេលពីរឆ្នាំក្រោមការផ្ដល់ជូនអាហារូបករណ៍ពេញលេញ និងទទួលបានការបង្រៀនពីសាស្រ្តាចារ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសស្វីស។ ក្រុមសិស្សនិស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាសម្រាប់វគ្គបន្ទាប់នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេនៅខែមករាឆ្នាំ២០២៣៕
ដោយគីរីដងរែក