នាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីកាអែល មីស៊ូស្ទីន (Mikhail Mishustin) បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ សម្រាប់ការបំពេញទស្សនកិច្ច និងដើម្បី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។
បើតាមក្រសួងការបរទេសរុស្ស៉ី លោក Mishustin បានទៅដល់ទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការទទួលស្វាគមន៍នៅឯអាកាសយានដ្ឋាន ដោយ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសចិន លោក អ៉ីហ្គ័រ ម័រហ្គូឡូវ (Igor Morgulov) និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី លោក ចាង ហានហ៊ុយ (Zhang Hanhui)។
វិមានក្រឹមឡាំងធ្លាប់បានបញ្ជាក់ដែរថា លោក Mishustin នឹងត្រូវចូលរួមវេទិកាធុរកិច្ចរុស្ស៉ី និងចិន ហើយធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានស្រាវជ្រាវការចម្រាញ់ប្រេងមួយ ក្នុងទីក្រុងសៀងហៃ ក៏ដូចជានឹងជជែកពិភាក្សាជាមួយអ្នកជំនួញរុស្ស៉ីផងដែរ។ បន្ទាប់មកទៀត ទើបលោកត្រូវបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោក នឹងត្រូវជួបលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang)។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ចិនបានចេញផ្សាយនូវរូបមន្តសន្តិភាពចំនួន ១២ចំណុច ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយនៅអំឡុងកិច្ចប្រជុំកំពូលក្នុង ទីក្រុងមូស្គូ កាលពីខែមីនា លោក ស៊ី ជិនពីង ក៏បានអញ្ជើញលោក ពូទីន បំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងផងដែរ៕



ប្រភព The Moscow Times ប្រែសម្រួលដោយគិរីដងរែក




