ថ្ងៃនេះសម័យប្រជុំរួមនៃរដ្ឋសភា និងព្រឹទ្ធសភាថៃបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ ដើម្បបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី។ ដែលមាន ៨គណបក្សចូលរួមដឹកនាំដោយគណបក្ស Move Forward ដែលកំពុងស្វះស្វែងបង្កើតរដ្ឋាភិបាលថ្មីផងដែរ។
បេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat បន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាកសមាជិកភាពសភារបស់លោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់បំពានច្បាប់បោះឆ្នោត។
លោក Pita គឺជានិស្សិតថៃដំបូងគេបំផុត ដែលទទួលបានអាហារូបករណ៍បរទេសទៅរៀន នៅសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក ជាទីដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងពាណិជ្ជកម្ម ព្រមទាំងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Massachusetts Institute of Technology ដោយទទួលសញ្ញាបត្រ MBA។
លោក Pita បានចាប់យកអាជីពជាអ្នកនយោបាយ នៅក្រោយរូបលោកជាប់ឆ្នោតជាសមាជិកសភាមកពីគណបក្ស Future Forward Party កាលពីឆ្នាំ២០១៩។ គណបក្ស Future Forward Party ត្រូវបានបង្កើតឡើងដោយលោក Thanathorn Juangroongruangkit ជាមហាសេដ្ឋីម្នាក់ និងជាមនុស្សដែលរិះគន់ឥតសំច្ចៃមាត់លើយោធាថៃ។ ប៉ុន្តែ គណបក្សនេះ ត្រូវបានរំលាយចោលដោយតុលាការធម្មនុញ្ញថៃនៅឆ្នាំ២០២០ រីឯលោក Thanathorn ត្រូវបានដកហូតសមាជិកភាពសភា។ មួយរយៈពេលខ្លីនៃការរំលាយគណបក្ស Future Forward Party គណបក្ស Move Forward ត្រូវបានបង្កើតឡើងដោយមានលោក Pita ជាមេដឹកនាំ។
លោក Pita បានសន្យាថានឹងនាំប្រទេសថៃ ចេញពីអ្វីដែលលោកហៅថា «ការខាតបង់មួយទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវ»។ ជាផ្នែកមួយនៃផែនការនេះ លោកបានបញ្ជាក់ថា ក្នុងនោះរួមមានទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីខែមេសា លោក Pita បាននិយាយថាគោលដៅជារបៀបវារៈដ៏សំខាន់របស់លោក នោះគឺ «ការធ្វើវិយោធកម្ម ឬការលុបបំបាត់ការដឹកនាំដោយយោធា, ការលុបបំបាត់ការដឹកនាំប្រទេស បែបផ្ដាច់មុខ និងការធ្វើវិមជ្ឈការអំណាច»។
បន្ថែមពីលើនេះ លោក Pita ក៏បានសន្យាដែរថានឹងបិទបញ្ចប់កាតព្វកិច្ចយោធា និងការធ្វើវិសោធនកម្មមាត្រា ១១២ ដែលមានចែងពីការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ លើអ្នករិះគន់ មហាក្សត្រថៃ ក្រោមច្បាប់ប្រមាថព្រះចេស្ដា។ ពាក្យសន្យាទាំងនេះទទួលបានការគំាទ្រយ៉ាងខ្លាំងពីយុវជន ប៉ុន្តែក្រុមអ្នកអភិរក្សនិយម គឺយោធា និងព្រះបរមរាជវាំងថៃ ក្ដៅស្លឹកត្រចៀក៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




