ក្នុងឱកាសនៃជំនួប លោកស្រី លូរាល់ មូលី (Laurel. E Miller)ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ីបានគោរពជម្រាបជូនសម្តេចធិបតីដោយសង្ខេប អំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។

ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី នឹងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្តេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយៈការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងអាទិ៍ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាពនិងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្សគឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស” និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕


ដោយគិរីដងរែក




