ទូច ណាឃីម បច្ចុប្បន្នជាខ្សែការពារស្នូលមួយរូបប្រចាំក្លិបបាល់ទាត់នគរបាលជាតិ ដោយមិនសូវបាត់មុខពីជម្រើស១១នាក់ដំបូងឡើយមិនថាក្នុងការប្រកួតក្របខណ្ឌ កំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំខាងលើអះអាងថា ការទទួលបានឱកាសចូលលេងយ៉ាងទៀងទាត់បែបនេះ បានមកពីការខិតខំប្រឹងប្រែងតាំងពីនៅជាកុមារលេងបាល់តាមអង្គការ និងជាជម្រើសវិទ្យាល័យ រហូតឈានចូលជើងលេងលក្ខណៈអាជីព។
ក្រោយមក ណាឃីម បានទៅលេងឲ្យវិទ្យាល័យសន្ធម៉ុក ហើយក៏ត្រូវបានគ្រូ ហៅទៅហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៦។ ដល់ចុង២០១៨ដើម២០១៩ គេត្រូវបានដំឡើងចូលទៅក្រុមធំដែរ តែបានសម្រេចចិត្តចាកចេញវិញ ព្រោះគិតថា ពិបាកប្រកួតប្រជែង។
ណាឃីម បានដើរធ្វើតេស្ដតាមក្លិបផ្សេងៗ រហូតបានជាប់នៅនគរបាលជាតិ ឆ្នាំ២០១៩ និងបានប្រឹងប្រែងរហូតជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ក្នុងឆ្នាំដដែលនោះ។ គេថា ផ្លែផ្កាទាំងនេះបានមកពីការខិតខំប្រឹងប្រែង មិនបោះបង់។
មានស្រុកកំណើតនៅខេត្តព្រៃវែង ណាឃីម បានផ្លាស់មករស់នៅរាជធានីភ្នំពេញជាមួយក្រុមគ្រួសារតាំងពីអាយុ៤ឆ្នាំ៕
ដោយ៖ គីរីដងរែកច្បាស់ដូចថ្ងៃ