ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាកការលក់ឥណទានកាបូនតាំងពីដើមឆ្នាំ២០២៣។
បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូង ចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការជួយដល់ជីវភាពសហគមន៍។
សូមបញ្ជាក់ថា ភ្នាក់ងារ VERRA បានសម្រេចលើកលែងការផ្អាកនៃការលក់ឥណទានកាបូនរបស់គម្រោងរេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំងសារព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បានចុះផ្សាយអំពីភាពវិជ្ជមានរបស់គម្រោងដែលបានអនុវត្តកន្លងមកផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញនេះគឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១)ការការពារព្រៃឈើបានល្អប្រសើរប្រកបដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២)ការលើកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយលើកទឹកចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស សាមគ្គីផ្ទៃក្នុងគ្រួសារបរិស្ថានបានរឹងមាំ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ភាពជោគជ័យជាអាទិភាពទាំង៣ខាងលើនេះ គឺជាមូលហេតុសំខាន់ ដែលធ្វើឱ្យភ្នាក់ងារឥណទានកាបូន (VERRA) បានចុះមកធ្វើសវនកម្ម (Audit) នៅក្នុងតំបន់គម្រោង និងសម្រេចចិត្តលើកលែងការផ្អាកនៃការលក់ឥណទានកាបូន ក្រោយការធ្វើសវនកម្មកន្លងមកនេះ។
ដោយគិរីដងរែក