24.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ទីក្រុងប៉េកាំងប្រកាន់ជំហរអព្យាក្រឹត ជុំវិញវិបត្តិអ៊ុយក្រែន

- Advertisement -spot_img

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់សមភាគីរុស្ស៉ីរបស់លោក គឺលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយគ្នាថា ប្រទេសចិននឹងនៅតែបន្តប្រកាន់ខ្ជាប់ដដែល នូវគោលជំហរមួយដែលឯករាជ្យនិងមិនលម្អៀងនោះឡើយ ជុំវិញវិបត្តិអ៊ុយក្រែន។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក វ៉ាង ទៅកាន់លោក ឡាវរ៉ូវ ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសចិន ដែលបាននិយាយថា ចិននឹងបន្តដើរតួនាទីជាសំឡេងសត្យានុម័តនិងប្រកបដោយហេតុផល នៅគ្រប់វេទិកាពហុភាគីអន្តរជាតិនានា ហើយ នឹងបន្តប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់ កិច្ចពិភាក្សាស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

ក្នុងថ្ងៃចន្ទដដែលនោះ ក្រសួងការបរទេសចិន ក៏បានលើកឡើងផងដែរថា កិច្ចពិភាក្សាអន្តរជាតិដែលត្រូវបានប្រារព្ធឡើងនៅអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមគោលដៅស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន បានចូលរួមចំណែកជួយដល់ កិច្ចប្រឹងប្រែង ពង្រឹងការឯកភាពគ្នាជាអន្តរជាតិ។

ប្រទេសជាង៤០ រួមមានទាំងចិន ឥណ្ឌា សហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុប ប៉ុន្តែមិនមានរុស្ស៉ី បានចូលរួមក្នុងកិច្ចពិភាក្សា នៅទីក្រុងជិតដាស់ (Jeddah) ដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ ទីក្រុងប៉េកាំងបានចាត់បញ្ជូន បេសកជនពិសេសរបស់ខ្លួនទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី លោក លី ហ៊ុយ (Li Hui) ដែលជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៉ី ឱ្យទៅចូលរួម។

លោក លី បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន៦ រួមមានទាំងអ៊ុយក្រែននិងរុស្ស៉ី កាលពីខែឧសភា ក្រោមបេសកកម្មជួយស្វែងរកដំណោះស្រាយតាមផ្នែកនយោបាយ សម្រាប់សង្រ្គាមអ៊ុយក្រែន ដែលនាពេលនេះកំពុងស្ថិតនៅក្នុងខែទី១៨ ហើយ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img