អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយនៅក្រៅសន្និសីទអាស៊ីកណ្តាលលើកទី២ នៃក្លឹបពិភាក្សាអន្តរជាតិ Valdai ថា មិនមានកិច្ចចរចាណាមួយរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនត្រូវបានធ្វើឡើងនៅពេលនេះទេ។ ជាក់ស្តែង ទីក្រុងគៀវបានលាឈប់ពីកិច្ចពិភាក្សាហើយ។
លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS ថា «កិច្ចពិភាក្សាមិនបន្តទៀតទេ។ តាមពិតអ៊ុយក្រែនបានចេញពីដំណើរការនៃកិច្ចចរចាហើយ»។
លោកបាននិយាយបន្ថែមថា ទីក្រុងគៀវបានបរាជ័យក្នុងការផ្តល់ចម្លើយចំពោះសេចក្តីព្រាងសន្ធិសញ្ញាដែលរុស្ស៊ីបានស្នើឡើង។
នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto ថា កិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងគៀវត្រូវបានផ្អាកហើយ ដោយសារតែភាគីអ៊ុយក្រែនមិនបានបង្ហាញចំណាប់អារម្មណ៍ចំពោះកិច្ចសន្ទនាប្រកបដោយការស្ថាបនានេះទេ៕
ដោយគីរីដងរែក