26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ទិវាកីឡាការ៉ាតេអាចនឹងមានឡើងដើម្បីបំផុសចលនាកីឡា

- Advertisement -spot_img

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ពីគម្រោងបង្កើតទិវាកីឡាការ៉ាតេជាតិ ដើម្បីបំផុសចលនាកីឡាដល់មហាជន។ នេះជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍របស់សហព័ន្ធកីឡាការ៉ាតេ។ ទាក់ទងទៅនឹងផែនការអភិវឌ្ឍន៍នេះ ឯកឧត្ដមប្រធានសហព័ន្ធបានស្នើភាគីទាំងអស់ដែលពាក់ព័ន្ធផ្ដោតការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួនដូចជា ៖

ក. ការលើកកម្ពស់ចលនាការ៉ាតេដើម្បីទាំងអស់គ្នាតាមរយៈ ៖

១. ការបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមហាត់ និងលេងកីឡា ជាការកម្សាន្ដសប្បាយ និងដើម្បីសុខភាពឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះសហព័ន្ធអាចបង្កើតទិវាការ៉ាតេជាតិ ជារៀងរាល់ឆ្នាំនៅតាមទីធ្លាសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ។

២. ការបង្កើតក្រុមសម្ដែងការ៉ាតេពិសេស Special Karate Show Team ដោយមានតន្ត្រី និងក្បាច់ការ៉ាតេ ការរៀបចំ Video Sport សម្រាប់ផ្សព្វផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម និងបណ្ដាញទូរទស្សន៍ ជាដើមសម្រាប់ចូលរួមសម្ដែងនូវភាពអស្ចារ្យ និងភាពប៉ិនប្រសព្វនៃសិល្បៈក្បាច់គុនចម្រុះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាការ៉ាតេ។

ខ. ការអភិវឌ្ឍបច្ចេកទេសជំនាញតាមរយៈ ៖

១. ការបន្តពង្រឹងការហាត់ហ្វឹកហ្វឺនជំនាញដោយរៀបចំនូវសិក្ខាសាលាការ៉ាតេសម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្ដាល ឬចៅក្រម ឱ្យបានដល់គ្រូបង្វឹកទាំងអស់នៅតាមគ្រប់ក្លឹបជាសមាជិកនៃសហព័ន្ធ។

២. ការបន្តយកចិត្តទុកដាក់ខ្ពស់លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់សម្រាប់គ្រប់ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស។

គ. ការកៀរគរចំណូលបន្ថែមសម្រាប់មូលនិធិការ៉ាតេ ៖

កន្លងមក ប្រភពថវិការបស់សហព័ន្ធបានមកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងពីឯកឧត្ដមប្រធានផ្ទាល់ និងសហការី។ ប៉ុន្តែថវិកាទាំងនេះមិនគ្រប់គ្រាន់ឡើយ ដូច្នេះឯកឧត្ដមសូមស្នើអគ្គហេរញ្ញិក សហការជាមួយអគ្កលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចលនាឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ចូលរួមទ្រទ្រង់ក្លឹបការ៉ាតេក្នុងដែនសមត្ថកិច្ចខ្លួន ខណៈសហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងក្លឹប និងអភិវឌ្ឍក្លឹបជាសមាជិកឱ្យបានល្អ។ ជាមួយគ្នានេះ សហព័ន្ធក៏ត្រូវបន្តគោលការណ៍ “សន្សំសំចៃ និងច្នៃប្រឌិតខ្ពស់”។

គួរដឹងដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ នៅថ្ងៃពុធ ទី២៨ និងថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា និងបន្តអាណត្តិថ្មី២០២៤-២០២៨។ ក្នុងនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តធ្វើជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មីនេះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img