អាជ្ញាធរទេសចរណ៍ថៃបានស្នើឲ្យពន្យារពេលគោលនយោបាយស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសដែលមិនមានទិដ្ឋាការរយៈពេល ៤៥ ថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញ គោលដៅទទួល ភ្ញៀវ បរទេសចំនួន ២៥ លាននាក់ក្នុងឆ្នាំ ២០២៣នេះ ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ថែមពីលើការពន្យារទិដ្ឋាការនេះ មន្ត្រីទេសចរណ៍ថៃក៏គ្រោងនឹងបន្ថែមជើងហោះហើរផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចំណាយប្រាក់ច្រើនមកកាន់ប្រទេសថៃ ក្នុងគោលដៅបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត (៧២ ពាន់លានដុល្លារ) ។
ចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំមុន ពលរដ្ឋមកពីជាង ៥០ ប្រទេសដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៤៥ ថ្ងៃ ខណៈបច្ចុប្បន្នគោលនយោបាយនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែមីនា ។
គួរបញ្ជាក់ថា ថៃជាប្រទេស សេដ្ឋកិច្ចធំទី ២ របស់អាស៊ានដែលបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១ លាននាក់កាលពីឆ្នាំមុន ដែលធ្វើឲ្យឧស្សាហកម្មទេសចរណ៍ថៃស្ថិតក្នុងលំដាប់នៃការងើបឡើងវិញលឿនបំផុតនៅក្នុងតំបន់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ៕









ប្រភព VNExpress ប្រែសម្រួលដោយគីរីដងរែក




