នៅរដូវភ្លៀងធ្លាក់ខ្លាំងទឹកដំឡើងត្រីមេពូជធំៗ កំពុងរកកន្លែងពងកូន នៅតាមដៃអូព្រែកវាល ទំនាប និងរងគ្រោះដោយអ្នកនេសាទធ្វើការនេសាទខុសច្បាប់នៅរដូវបិទនេសាទ ហាក់បីដូច ពុំ មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឲ្យបានល្អប្រសើរនៅឡើយ។
នៅព្រឹកថ្ងៃទី ១២ សីហានេះគេសង្កេតឃើញទូកអ្នកនេសាទជាច្រើនបានដឹកត្រីជាប្រភេទ ត្រីមេពូជ ធំៗដែលមានទម្ងន់ចាប់ពី១គីឡូ ២គីឡូ ៣គីឡូរហូត ៤ដល់៥ គីឡូ និងខ្លះរហូតមួយ ក្បាលជិត១០គីឡូក៏មានដែរ ដោយបានដឹកតាមទូកមកចំណុចកំពុងសាឡាង ធ្វើការលក់ទៅ ឲ្យ ឈ្មួញលក់នៅផ្សារសាមគ្គីស្ទឹងត្រែង នឹងលក់បន្តទៅកាន់រាជធានី និងបណ្ដាខេត្តនានាផ្សេងទៀត។
ត្រីមេពូជធំៗជាច្រើនប្រភេទដែលកំពុងរងគ្រោះនោះមានដូចជា ត្រីត្រសក់ ត្រីក្រាយ ត្រីខ្យា ត្រីលេង ត្រីស្ទក់ ត្រីក្រពាត់ ត្រីកេស ត្រីក្លាំងហាយ ត្រីដំរី ត្រីឆ្កោក ត្រីក្អែក ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀតកំពុងត្រូវបានគេនេសាទ យកមកលក់នៅលើទីផ្សារ។
ត្រីមេពូជទាំងនេះត្រូវបានគេនិយាយថា ឲ្យតែដល់រដូវភ្លៀងធ្លាក់ខ្លាំងទឹកឡើងចូលទៅ តាមដៃ អូរព្រែក និងវាលទំនាប ដែលអាចវាពងកូនបានវាឡើងរកទីជម្រកពងកូនដែលធ្វើឱ្យអ្នក នេសាទ មានឱកាសក្នុងការលបលួចធ្វើការនេសាទខុសច្បាប់ ភាគច្រើននៅពេលយប់ដែល សមត្ថកិច្ច ជំនាញពិបាកក្នុងការទប់ស្កាត់។
លោក ស្រី សំវិចិត្រនាយខណ្ឌស្ដីទីបានបញ្ជាក់តាមតេលេក្រាមថា ទាក់ទងនឹងរដូវបិទនេសាទនេះខាងជំនាញជលផល ឆ្នាំទន្លេបានសហការជាមួយសហគមន៍នេសាទ ចុះទប់ស្កាត់ និងបង្រ្កាប បទល្មើសជលផលយ៉ាងសកម្មទាំងថ្ងៃទាំងយប់ពិសេសពេលដែលទឹកកំពុងហក់ឡើងម្ដងៗប៉ុន្តែការលួចធ្វើនេសាទរបស់ប្រជានេសាទគឺភាគច្រើននៅពេលយប់ដែលមានភ្លៀងខ្យល់។
លោកបានបន្តទៀតថា:បច្ចុប្បន្នអ្នកនេសាទមានភាពឆ្លាតវៃ ពួកគាត់ប្រើមងខ្លីៗបណ្ដែត ពេលឮសំឡេងទូកក្រុមការងារចុះទៅពួកគាត់ចាប់ផ្ដើមសារចេញ និងអែបទូកចូលកៀនបាត់។នៅក្នុងការចុះល្បាតនេះ ជំនាញមានភាពលំបាកច្រើន ដោយសហគមន៍ ឆ្មាំទន្លេ មានចំនួនតិច មធ្យោបាយទូកតូច ចាស់ពិបាកពេលមានភ្លៀងខ្យល់ ដែលមិនអាចធ្វើការទប់ស្កាត់ទាន់ពេលវេលា។
លោកនាយខណ្ឌសំណូមពរដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបីប្រភេទ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល នៅចំណុចទីតាំងដែលមានបទល្មើស ជួយទប់ស្កាត់និងផ្សព្វផ្សាយនូវរដូវបិទនេសាទនេះបន្ថែម ដោយសារកម្លាំងរបស់ជលផលមានតែ៣ទៅ៤នាក់ សហការជាមួយគណៈកម្មការសហគមន៍នេសាទតែប៉ុណ្ណោះ៕








ដោយគីរីដងរែក




