រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ពន្យល់បកស្រាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ដែលប្រជាពលរដ្ឋមួយចំនួនមានមន្ទិលសង្ស័យថាអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា ទទក នៅព្រឹកថ្ងៃសុក្រនេះ លោកស្រី ចម និម្មល ( ដាក់សំឡេងគាត់ នឹង មាន video រូបគាត់) បញ្ជាក់ថា កិច្ចព្រមព្រៀង CLVDTA នេះមិនមែនជាការដាក់ហ៊ុនទឹកដី ឬដោះដូរទឹកដីនេះ ហើយប្រទេសនីមួយៗមានឯករាជ្យ និងម្ចាស់ការដោយខ្លួនឯងក្នុងការអភិវឌ្ឍ។ លើសពីនេះទៀត រាល់ការអភិវឌ្ឍនៅក្នុងតំបន់នេះធ្វើឡើងរៀងៗខ្លួន ដោយកម្ពុជាមានកញ្ចប់ថវិកាជាតិសម្រាប់អភិវឌ្ឍ ដូចជាមូលនិធិឃុំសង្កាត់ជាដើម។
លោកស្រីថ្លែងថា៖ «ចុះបើសួរថា អភិវឌ្ឍភូមិឃុំរបស់ខ្លួនឯងដដែល ចាយលុយរបស់ខ្លួនឯងដដែល ទៅចូលក្នុង CVL-DTA ធ្វើអី? បានប្រយោជន៍អី? ចម្លើយគឺងាយស្រួលទេ គឺជាការបន្ថែមនូវអត្ថប្រយោជន៍និងពង្រឹងប្រសិទ្ធភាពនៃការតភ្ជាប់គ្នា»។
លោកស្រីពន្យល់បន្តថា ការដែលកម្ពុជាចូលទៅក្នុងកិច្ចព្រមព្រៀងនេះ គឺដើម្បីភាពប្រទាក់ក្រឡាគ្នានៃការកសាងគម្រោង ដូចជាការតភ្ជាប់ផ្លូវដើម្បីឲ្យប្រជាពលរដ្ឋដោះដូរទំនិញ និងការឆ្លងកាត់ទៅប្រទេសជិតខាងដើម្បីទទួលសេវាព្យាបាលជាដើម។
លោកស្រីថា៖ «ចុះបើយើងកំណត់នូវចំណុចមួយដែលជាចំណុចប្រសព្វអនុញ្ញាតឲ្យប្រជាពលរដ្ឋដោះដូរទំនិញក៏បាន និងងាយស្រួលឆ្លងកាត់ទៅវិញទៅមក មិនល្អទេឬយ៉ាងម៉េច? អ្នកនៅតែអភិវឌ្ឍរបស់អ្នក ខ្ញុំនៅតែអភិវឌ្ឍរបស់ខ្ញុំ គ្រាន់តែថាឥឡូវយើងសម្រេចគ្នាមកថា ម្ដុំណាល្អដែលជាផលចំណេញរួមរបស់យើងទាំងអស់គ្នា។ ដូច្នេះហើយវាច្បាស់ណាស់ត្រូវមានការចរចាគ្នា»។
ដើម្បីឲ្យការតភ្ជាប់ និងការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន វាតម្រូវឲ្យមានការវិនិយោគពីរដ្ឋ និង ឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមានទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី USAID និងដៃគូផ្សេងទៀតសរុបចំនួន ១២។ នេះជាការលើកឡើងរបស់លោកស្រី ចម និម្មល។
លោកស្រីអះអាងដូច្នេះថា៖ «បើយើងមិនអភិវឌ្ឍតំបន់ដាច់ស្រយាលទេ ទុកឲ្យវានៅដាច់ស្រយាលឬក៏យ៉ាងម៉េច? បើយើងមិនបង្កឲ្យមានការវិនិយោគរស់រវើកនៅកន្លែងនោះទេ គ្មានប្រជាពលរដ្ឋណាលោកចង់ទៅរស់នៅទេ។ បើយើងទៅនៅតំបន់ដាច់ស្រយាលតែម្នាក់ឯង ពេលយើងឈឺថ្កាត់ទៅរកអ្នកណាជួយ?»។
លោកស្រីបញ្ជាក់ថា៖ «គម្រោង CLV DTA នេះគឺជាការបន្ថែមនូវប្រសិទ្ធភាពតភ្ជាប់នៃគម្រោងជាមួយគ្នាតែប៉ុណ្ណឹងឯង។ ដូច្នេះហើយ ការតភ្ជាប់គម្រោងជាមួយគ្នានេះវាសម្រួលដល់ពាណិជ្ជកម្ម»។
លោកស្រីបន្តថា កិច្ចព្រមព្រៀងនេះមិនមានការអនុញ្ញាតឲ្យប្រជាពលរដ្ឋពីប្រទេសនីមួយៗចេញចូលដោយសេរីនោះទេ។ ទោះបីជាកិច្ចព្រមព្រៀងបញ្ជាក់ពីការសម្រួលចរាចរណ៍ទំនិញ និងប្រជាជនក៏ដោយក៏ត្រូវតែអនុលោមតាមច្បាប់ជាធរមាន។
ក្រៅពីការបារម្ភរឿងបាត់បង់ទឹកដី ពលរដ្ឋមួយចំនួនក៏បារម្ភខ្លាចមានការអនុញ្ញាតឲ្យធ្វើដំណើរដោយសេរីនៃពលរដ្ឋក្នុងប្រទេស CLV។ ប៉ុន្តែ លោកស្រី ចម និម្មល បញ្ជាក់ថា បច្ចុប្បន្ននេះ ពលរដ្ឋនៅក្នុងតំបន់អាស៊ានអាចធ្វើដំណើរទៅប្រទេសសមាជិកអាស៊ានដោយសេរីក្នុងរយៈពេល ១៤ ថ្ងៃដោយត្រូវការតែលិខិតឆ្លងដែនប៉ុណ្ណោះ។
លោកស្រីពន្យល់ថា៖ ឥឡូវនេះប្រទេសទាំង ១០ នៃអាស៊ាន យើងមានតែលិខិតឆ្លងដែនរបស់យើង យើងឆ្លងកាត់ទាំង ៩ប្រទេសទៀតនោះដោយមិនត្រូវការសុំទិដ្ឋាការទុកជាមុនទេ។ ដូចជា យើងទៅសិង្ហបុរី ថៃ ឡាវ ឬក៏ហ្វីលីពីន គឺយើងទិញតែសំបុត្រយន្តហោះចេញចូលមិនបាច់សុំវីសាមុនទេ ហើយយើងអាចស្នាក់នៅរហូតដល់ទៅ ១៤ ថ្ងៃ»។
លោកស្រីក៏បានបង្ហាញពីលិខិតសម្រាប់ឆ្លងកាត់ព្រំដែនរវាងប្រទេស កម្ពុជា ឡាវ ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលលិខិតនេះមានសុពលភាពរយៈពេល ១២ម៉ោង។
លោកស្រីបញ្ជាក់ជាថ្មីថា៖ «CLV-DTA គ្មានអ្វីក្រៅពីការតភ្ជាប់សេដ្ឋកិច្ច ការបង្កើននូវសកម្មភាពពាណិជ្ជកម្មដែលអភិវឌ្ឍតំបន់មួយដែលដាច់ស្រយាលឲ្យទៅជាតំបន់មួយដែលមានភាពរីកចម្រើន មានការតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធ មានប្រជាជនរស់នៅសុខសប្បាយ សុខដុមរមនានៅក្នុងភូមិឃុំរបស់ខ្លួន។ ហើយខ្ញុំសុំបញ្ជាក់ថា យើងមិនបាត់បង់ដី យើងមិនបាត់បង់អធិបតេយ្យរបស់យើងទៅណាទេ។ ប្រទេសនីមួយៗអនុវត្តច្បាប់នៅក្នុងស្រុករបស់ខ្លួន»៕
សម្រួលដោយគិរីដងរែក