បាត់ដំបង៖ ពលរដ្ឋក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលសណ្តាប់ធ្នាប់ ដោយប្រមូលសំរាម នៅពាសវាលពាសកាលបង្កឱ្យ មានក្លិនស្អុយ និងប៉ះពាល់សុខភាពអ្នក រស់នៅជុំវិញនេះ ជាពិសេសកុមារ និងមនុស្សចាស់។
ពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានបញ្ជាក់ថា កាកសំណល់សំរាមតាមដងផ្លូវនេះ កើតឡើងជាញឹកញាប់មកហើយ។ ពលរដ្ឋលើកឡើងថា អ្នកទទួលបន្ទុកប្រមូលសំរាម ហាក់មិនអើពើបើទោះជាពួកគាត់ ប្រតិកម្មករណីនេះជារឿយៗក្តី។
ពលរដ្ឋ ទទួលស្គាល់ថា មន្រ្តីជំនាញរវល់នឹងការងារប្រចាំថ្ងៃ ប៉ុន្តែករណីសំរាមនាំឱ្យប៉ពាល់ដល់បរិស្ថាន ក៏ជារឿងដែលសំខាន់ គួរអាជ្ញាធរ យកចិត្តទុកដាក់សម្រួលសណ្តាប់ធ្នាប់ និងអនាម័យជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសោភ័ណភាព និងជៀសផុតពីជំងឺផ្សេងៗ ដែលបង្កឡើងដោយកាកសំណល់ស្អុយរលួយនេះដែរ។
លោកចៅសង្កាត់ចំការសំរោង បានទទួលស្គាល់ថា ពិតជាមានករណីគំនរសំរាមនៅតាមដងផ្លូវនេះមែន។ លោកថា ដោយសារតែប្រជាពលរដ្ឋមិនចេះចូលរួមសម្អាត ហើយអ្នកខ្លះក៏បានយកមកពីទីឆ្ងាយ ដើម្បីមកបោះចោល នៅទីនេះតៗគ្នា។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរឲ្យអាជ្ញាធរក្រុង ជូយដាក់វិធានការទប់ស្កាត់នឹងចាប់ផាកពិន័យឲ្យធ្ងន់បន្តិច ចំពោះអ្នកដែលយកសំរាមមកបោះចោល បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាននេះ ព្រោះបើគ្មានចំណាត់ ការជាក់លាក់ទេ នៅតាមដងផ្លូវដែលឋិតនៅចំណុចខាងលើ នឹងក្លាយជាកន្លែងបោះសំរាមចោល ដោយគ្មានសណ្តាប់ធ្នាប់នៅចំកណ្តាលបេះដូងទីក្រុង៕




ដោយគីរីដងរែក




