តុងទីន មានការផុសផុលលេងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន អ្នកខ្លះ លេងដើម្បីសន្សំលុយ អ្នកខ្លះ លេងដោយសារ មានតម្រូវ ការ ប្រាក់។ ទាក់ទងនឹងការលេងតុងទី ន លោកមេធាវី សេង សឹង្ហហេង បានផ្តល់យោបល់ថា អ្នកដែលមាន បំណង លេងតុងទីន “កុំលេងល្អជាង” ព្រោះ មានហានិភ័យខ្ពស់។
ហានិភ័យដែលលោកមេធាវីរូបនេះលើកឡើង គឺសំដៅទៅលើការលេង ដែលដាក់ការប្រាក់ខ្ពស់ ចំណែកនីតិវិធី នៃ ការដោះស្រាយ នៅពេលដែលមានបញ្ហាកើតឡើង គឺស្មុគស្មាញ និងអាចអូសបន្លាយពេលយូរ។
ដោយសារ តែការលេងតុងទីន ភាគច្រើនមានត្រឹមជា កិច្ចសន្យាតាមមាត់ឬលេងតាមប្រព័ន្ធហ្វេសប៊ុកទាំងដែលកូន និងមេមិនបានស្គាល់គ្នាច្បាស់ផង លោកមេធាវីថាបញ្ហានេះហើយ ដែលធ្វើឱ្យប្រឈមនឹងហានិភ័យនៃការបោកប្រាស់ច្រើនករណីមកហើយ ។
បើតាមសមាជិកគណៈមេធាវីកម្ពុជា រូបនេះ ការលេងតុងទីន គឺមានការផ្សារភ្ជាប់ ទៅនឹងជីវភាព ប្រចាំថ្ងៃ របស់ ប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីក្នុងសម័យ សង្គមរាស្ត្រនិយម ជាពិសេសអ្នកនៅក្នុងផ្សារ ដោយសារតែទំនើបកម្មសង្គម។ និយមន័យ នៃការលេងតុងទីន នេះ គឺបានន័យថាការបម្រូលផ្តុំលុយ របស់មនុស្សមួយក្រុម ដើម្បីជួយគ្នា ទៅវិញទៅមក ក្នុងន័យផ្តល់ ជូន ថវិកា ទៅ ឱ្យសមាជិកនីមួយៗ នៅ ពេល ដែល មាន តម្រូវការ ទៅតាមលក្ខខណ្ឌដែលបានសន្យាគ្នាឬដេញយកដោយដាក់ការប្រាក់។
លោក សេង សឹង្ហហេង បានឱ្យដឹងថា នៅក្នុងច្បាប់ គឺមានកំណត់ការប្រាក់ សម្រាប់គ្រឹះស្ថាន ធនាគារ និងវិស័យឯកជន ទាក់ទង នឹង ការកំណត់ការប្រាក់ប៉ុន្តែ ពាក់ព័ន្ធ នឹងការលេងតុងទីននេះ ច្បាប់ មិនអាចកំណត់បានទេដោយសារ តែលក្ខខណ្ឌ នៃការលេងសុទ្ធតែមានការឯកភាព និងព្រមព្រៀងគ្នាជាមុនរបស់អ្នកចូលរួមលេង។ ហេតុនេះហើយ នៅពេលដែលសមាជិក ណាម្នាក់មានតម្រូវការខ្លាំង នឹងត្រូវដណ្តើមគ្នា ដើម្បីដេញថ្លៃយករហូតហួសសមត្ថភាព ដែលខ្លួនអាចទៅរួចជាហេតុនាំឱ្យមានបញ្ហា នៃការមិនបង់សងត្រឡប់ កើតឡើង។
ម្យ៉ាងវិញទៀត លោកមេធាវីថា មេតុងទីនខ្លះ យកតុងទីនជាអាជីពតែម្តង ដោយលេងម្តងច្រើនកន្លែង និងច្រើនក្រុម ដែលអាចជាដើមចម នៃបញ្ហាមេរត់ចោលកូនជាដើម៕
ដោយគីរីដងរែក