(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ ដំណោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងអតីតបុគ្គលិក ២០០នាក់នៅតែបន្តអូសបន្លាយដោះស្រាយមិនចេញ បើទោះបីជាកិច្ចចរចារកដំណោះស្រាយ ក្រោមការសម្របសម្រួលពីក្រសួងការងារ បានធ្វើឡើងជាច្រើនលើកហើយក៏ដោយ។
ចំណុចគន្លឹះដែលធ្វើឲ្យរាំងស្ទះដល់កិច្ចចរចានេះ គឺការទាមទាររបស់សហជីពកម្មករ ឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកទាំង២០០នាក់ចុងក្រោយដែលមិនព្រមទទួលយកសំណងឲ្យចូលធ្វើការវិញចំណែកឯភាគីនិយោជកបដិសេធមិនព្រមទទួលយកកម្មករទាំងនោះចូលធ្វើការវិញជា ដាច់ខាត។
ឥឡូវនេះ យើងសាកល្បងស្វែងយល់ពីជម្រៅនៃវិវាទការងារមួយនេះ។ជាទូទៅ នៅក្នុងវិវាទការងារ សហជីពកម្មករច្រើនតែទាមទារឲ្យនិយោជកគោរពលក្ខខណ្ឌការងារ ឬទាមទារឲ្យនិយោជកផ្តល់អត្ថប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងជាពិសេសពេលនិយោជក បញ្ឈប់កិច្ចសន្យាការងារ ត្រូវផ្តល់សំណង និងអត្ថប្រយោជន៍ទាំងឡាយឲ្យស្របតាមច្បាប់ការងារជាដើម។ ប៉ុន្តែចម្លែកអ្វីតែអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយក្រុមនេះ បែរជានៅក្រាញននៀលទាមទារឲ្យនិយោជកយកខ្លួនចូលធ្វើការវិញបន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ?ការទាមទារបែបនេះត្រូវបានគេមើលឃើញថា ខ្វះភាពឡូហ្សិក និងហាក់មានរបៀបវារៈនៅពីក្រោយខ្នងហើយចំណុចដែលគួរពិចារណាមានដូចតទៅ៖
ទី១៖ អតីតបុគ្គលិកទាំងអស់នោះ ធ្លាប់បានរិះគន់ក្រុមហ៊ុនណាហ្គាវើលដ៏ថា ជាក្រុមហ៊ុនបរទេសជិះជាន់កម្មករខ្មែរនិងជាក្រុមហ៊ុនដែលមិនបានផ្តល់ប្រយោជន៍ពិតប្រាកដដល់បុគ្គលិកកម្មករ។
ត្រង់នេះ សំណួរដែលចោទឡើងគឺ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀល ចង់ធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលខ្លួនរិះគន់យ៉ាងខ្លាំងបែបនេះទៅវិញ?
បើក្រុមហ៊ុននេះអាក្រក់គួរតែពួកគេត្រេកអរពេលក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារដោយផ្តល់សំណង និងអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាមច្បាប់ការងារ ដើម្បីពួកគេអាចទៅរកការងារថ្មីធ្វើនៅក្រុមហ៊ុន ណាដែលខ្លួនស្រឡាញ់ ពេញចិត្ត។
«នៅលើពិភពលោកយើងនេះតើមានបុគ្គលិកកម្មករណាននៀលទាមទារចង់ធ្វើការនៅកន្លែងដែលខ្លួនយល់ឃើញថា ជិះជាន់និងគ្មាន ប្រយោជន៍ដល់ខ្លួនបែបនេះ? ចម្លើយគឺគ្មានទេ។ ដូច្នេះ ករណីអតីតក្រុមហ៊ុនណាហ្គាវើលដ៏គឺជារឿងដ៏ចម្លែកនិងច្បាស់ណាស់ពិតជាមានអ្វីនៅពីក្រោយខ្នងហើយ។
ទី២៖ តើមានច្បាប់ណា ឬ មាត្រាណាចែងអំពីការបង្ខិតបង្ខំឲ្យនិយោជកត្រូវទទួលយកបុគ្គលិកកម្មករដែលគេមិនពេញចិត្តអោយចូលធ្វើការវិញដែរឬទេ? ទោះច្បាប់ការងារនៅក្នុងប្រទេសណាក៍ដោយ ក៏មិនដែលបានចែងយ៉ាងដូច្នេះដែរពីព្រោះការជ្រើសរើសបុគ្គលិកគឺជាសិទ្ធិរបស់និយោជក ដោយគ្មាននរណាអាចបង្ខិតបង្ខំបានឡើយ ជាពិសេសនិយោជិតឬសហជីពមិនអាចបង្ខំឲ្យនិយោជកទទួលយកខ្លួនទៅធ្វើការដោយគ្មានការយល់ព្រមពីនិយោជកឡើយ។ បើដូច្នេះ តើសំអាងលើអ្វីដែលសហជីពទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកអតីតបុគ្គលិកដែលត្រូវបានគេបញ្ឈប់ឲ្យចូលធ្វើការវិញ?
ទី៣៖ បើគិតពីពេលវេលាដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះតវ៉ា គឺមានរយៈជាច្រើនខែមកហើយ។ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀលចង់បានការងារនៅក្នុងក្រុមហ៊ុនដែលគេមិនស្វាគមន៍ដោយប្រើរយៈពេលយូរយ៉ាងនេះ? តើពួកគេបានថវិកាមកពីណាដើម្បីចិញ្ចឹមគ្រួសារបើការងារក៏គ្មាន ចំណែកឯពេលវេលាត្រូវចំណាយ
ទាំងស្រុងទៅលើការតវ៉ាទៅហើយនោះ? តើនរណាជាអ្នកចិញ្ចឹមការតវ៉ានេះ? ហើយពួកគេមានបំណងអ្វី?
ទី៤៖ ទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋ កម្មករ និយោជិត សម្តែងមតិ ប៉ុន្តែ ពួកគេមិនព្រមទៅតវ៉ានៅទីនោះឡើយ បែរជាមកតវ៉ាកន្លែងក្រុមហ៊ុនដែលនាំដល់ការរំខានដល់ដំណើរការរបស់ក្រុមហ៊ុន និងធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។ តើហេតុអ្វីបានជាពួកគេធ្វើយ៉ាងដូច្នេះ? តើជាការ
តវ៉ាដើម្បីរកដំណោះស្រាយការងារ ឬក៏ជាចេតនានៃការ បង្កការរំខាននិងអុកឡុក?
ទី៥៖ ក្រសួងការងារបានសម្របសម្រួលឲ្យមានជំនួបចរចារកដំណោះស្រាយចំនួន ៨លើកមកហើយ តែនៅតែគ្មានបានលទ្ធផលអ្វីឡើយពីព្រោះជារៀងរាល់លើក ដំណោះស្រាយត្រូវបានរាំងស្ទះនៅត្រង់ការទាមទារឲ្យក្រុមហ៊ុនទទួល យកអតីតបុគ្គលិកទាំងនោះចូលធ្វើការវិញ។
ដូច្នេះ ទំនងជាដល់ពេលដែលគួរត្រូវប្រើជម្រើសចុងក្រោយហើយ នោះគឺការបញ្ជូនសំណុំរឿងទៅតុលាការដើម្បីសម្រេចសេចក្តី ពីព្រោះយន្តការ ករុមប្រឹក្សាអាជ្ញាកណ្តាលនិងការសម្របសម្រួលរបស់ ក្រសួងការងារត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចដោះស្រាយបាន។ ក្នុងន័យនេះ មានតែតុលាការទេដែលអាចកាត់សេចក្តជាចុងក្រោយ។
សរុបមកវិញ បើគ្មានរបៀបវារៈនៅពីក្រោយខ្នងទេ ការតវ៉ានេះក៍មិនអាចអូសបន្លាយរហូតដល់ពេលនេះបានឡើយ។ ការអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ច និងកិច្ឋខិតខំប្រឹងប្រែងរបស់ក្រសួងការងារដើម្បីសម្របសម្រួលក៏បានធ្វើដល់កម្រិត ហើយដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដោយសារតែចេតនាចង់បង្កការរាំងស្ទះពីសំណាក់អតីតបុគ្គលិកមួយក្រុមនេះ។
នៅពេលដែលយន្តការសម្របសម្រួលត្រូវបានប្រើ អស់លទ្ធភាពហើយ នៅតែមិនអាចរកច្រកចេញ បានដោយសារតែលក្ខខណ្ឌ មិនសមស្របនិងមិនសមហេតុផល នៃការទាមទារ មានតែវិធានការច្បាប់ទេ ពោលគឺយន្តការតុលាការតែមួយគត់ដែលអាចសម្រេចបិទបញ្ចប់៕
ដោយគីរីដងរែក