ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី០២ ខែកញ្ញា តួលេខអ្នកចុះឈ្មោះក្នុងដំណើរទស្សនកិច្ចទៅកាន់ទិសឦសានមានចំនួនប្រមាណជិត១ពាន់នាក់។ លោកថាប្រជាពលរដ្ឋ ក្នុងមានព្រះសង្ឃ ជាពិសេសយុវជនដែលបានចុះឈ្មោះមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនទៀត។
«ចំនួនអ្នកចុះឈ្មោះមកដល់ពេលនេះ មានចំនួន ជាង៧០០នាក់ ហើយ! ប្រជាពលរដ្ឋ ក្នុងមានព្រះសង្ឃ ជាពិសេសយុវជនដែលបានចុះឈ្មោះ មានប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះស៊ីហនុ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត»។ នេះជាប្រសាសន៍របស់លោក ទេព អស្នារិទ្ធ ថ្លែងប្រាប់អ្នកសារព័ត៌មាន។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចទៅកាន់ទិសឦសានដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ចុងឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
ទស្សនកិច្ចលើកដំបូង នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ដោយចេញដំណើរនៅម៉ោង ៤:០០ នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ៤:០០ រសៀល។
ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឲ្យសាធារណជនចុះឈ្មោះជាមុន ដោយក្រសួងនឹងរៀបចំជូនអ្នកចូលរួមចំនួនត្រឹម ២០០នាក់ ក្នុងមួយលើក។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម ហើយការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចនេះ នឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»។
អ្នកចូលរួមត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ និង ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅកំលុងពេលធ្វើដំណើរកម្សាន្ត។
រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
ក្រុមការងារនឹងទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច, ក្រុមការងារនឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
គួរបញ្ជាក់ដែរថា ការរៀបចំដំណើរទស្សនកិច្ចនេះ បន្ទាប់ពីពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពរបស់កម្ពុជាក្នុងខេត្តចំនួន៤ដែលបានដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍតំបន់ន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ដើម្បីអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅភូមិភាគទិសឦសានទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះ។
ម៉្យាងទៀតសោត សម្តេចធិបតី បានផ្តួចផ្តើមរៀបចំឲ្យមានកញ្ចប់ដំណើរទស្សនកិច្ចនេះទៅកាន់តំបន់ព្រំដែន ចៀសវាងការជឿតាមការញុះញង់អ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិខ្មែរ ខ្មែរចេះស្រលាញ់ខ្មែរ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល៕
ដោយគិរីដងរែក